ក្រុមហ៊ុនអភិវឌ្ឍអចលនទ្រព្យខ្នាតយក្សរបស់ចិនចំនួន ២ គឺ Country Garden និង Sunac ថ្មីៗនេះ ហាក់បាននាំមកនូវភាពធូស្បើយបន្តិចដល់វិស័យអចលនទ្រព្យ នៅក្នុងប្រទេស បន្ទាប់ពីបានឈានដល់ការចុះកិច្ចព្រមព្រៀងជាមួយម្ចាស់បំណុលរបស់ពួកគេ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន CNA ។
ភាគហ៊ុននៅក្នុងក្រុមហ៊ុន Sunac China Holdings បានកើនឡើងដល់ទៅ ១៤% នៅថ្ងៃអង្គារទី១៩ ខែកញ្ញានេះ បន្ទាប់ពីម្ចាស់បំណុលនៅក្រៅប្រទេស បានអនុម័តទៅលើផែនការរៀបចំរចនាសម្ព័នបំណុលចំនួន ៩ពាន់លានដុល្លាររបស់ខ្លួន ដែលនេះហាក់ជាការបើកភ្លើងខៀវ ដល់ការបន្ធូរបន្ថយបន្ទុកបំណុល សម្រាប់ក្រុមហ៊ុនអភិវឌ្ឍចិនដ៏ធំមួយនេះ ។
ទន្ទឹមនឹងនេះ ក្រុមហ៊ុន Country Garden ដែលរងវិបត្តិសាច់ប្រាក់ធ្ងន់ធ្ងរ ក៏ទទួលបានការយល់ព្រមពីម្ចាស់បំណុល ដើម្បីបន្តពន្យារពេលនៃការសងត្រលប់ទៅវិញ សម្រាប់បំណុលក្រៅប្រទេសរបស់ខ្លួនផងដែរ ។
ជុំវិញការវិវត្តន៍ចុងក្រោយនេះ បានកើតឡើងចំពេលដែលរដ្ឋាភិបាលទីក្រុងប៉េកាំង បានបង្កើនកិច្ចខិតខំប្រឹងប្រែង ដើម្បីស្តារវិស័យអចលនទ្រព្យ ដែលមានប្រហែលមួយភាគបួននៃទំហំសេដ្ឋកិច្ចរបស់ប្រទេសទាំងមូល ជាមួយនឹងវិធានការគាំទ្រជាច្រើន ដែលត្រូវបានដាក់ចេញ ក្នុងរយ:ពេលប៉ុនា្មនសប្តាហ៍ចុងក្រោយនេះ ។
ដោយឡែក លោក Gary Ng សេដ្ឋវិទូជាន់ខ្ពស់នៅក្នុងក្រុមហ៊ុន Natixis Corporate and Investment បាននិយាយថា ៖ ” ខ្ញុំនឹងចាត់ទុកផែនការទាំងនេះជារឿងវិជ្ជមាន ព្រោះថាយើងមិនបានឃើញការរីកចម្រើនច្រើននោះឡើយ នៅលើទីផ្សារក្រៅប្រទេស ដូច្នេះវាបានបង្ហាញថា យ៉ាងហោចណាស់ក្រុមហ៊ុនអភិវឌ្ឍចិនមួយចំនួន កំពុងព្យាយាមសម្រេចកិច្ចព្រមព្រៀងជាមួយម្ចាស់បំណុល ” ។
លើសពីនេះ លោក Gary បានបន្ថែមទៀតថា ប្រសិនបើផែនការនេះអាចត្រូវបានអនុវត្តបានល្អ ហើយការស្ទុះងើបឡើងវិញនៃទីផ្សារអចលនទ្រព្យរបស់ប្រទេសចិន អាចបង្កើតបាននូវលំហូរសាច់ប្រាក់គ្រប់គ្រាន់នោះ វិនិយោគិន អាចនឹងទទួលបានផលចំណេញអ្វីមួយត្រលប់មកវិញ ជាក់ជាមិនខាន ៕