កាលពីថ្ងៃទី១៩ ខែកញ្ញាម្សិលមិញ សារព័ត៌មាន Reuters បានចុះផ្សាយថា ប្រធានាធិបតីរុស្ស៊ី លោក វ៉្លាឌីមៀ ពូទីន គ្រោងជួបជាមួយមេដឹកនាំកំពូលចិន លោក ស៊ី ជិនពីង នៅទីក្រុងប៉េកាំង នាខែតុលាខាងមុខ។

ដំណើរទស្សនកិច្ចរបស់លោក ពូទីន គឺធ្វើឡើងតាមការអញ្ជើញពីប្រធានាធិបតីចិន ដែលធ្លាប់បានបំពេញទស្សនកិច្ចទៅរុស្ស៊ីកាលពីខែមីនា ខណៈការបំពេញទស្សនកិច្ចរបស់មេដឹកនាំរុស្ស៊ីនាពេលខាងមុខ នឹងក្លាយជាដំណើរទស្សនកិច្ចក្រៅប្រទេសលើកដំបូង តាំងពីមានដីកាតាមចាប់ខ្លួនលោក ជុំវិញការចោទប្រកាន់ថា រុស្ស៊ីបាននិរទេសក្មេងៗពីប្រទេសអ៊ុយក្រែន។
គួររំលឹកដែរថា ដំណើរទស្សនកិច្ចចុងក្រោយបង្អស់របស់លោក ពូទីន ទៅកាន់ប្រទេសចិន គឺធ្វើឡើងកាលពីខែកុម្ភៈ ឆ្នាំ២០២២ ពោលកើតឡើងប៉ុន្មានថ្ងៃប៉ុណ្ណោះ មុនបើកការវាយលុកលើប្រទេសអ៊ុនក្រែន ខណៈមេដឹកនាំប្រទេសទាំង២ បានប្រកាសពីភាពជាដៃគូគ្មានដែនកំណត់៕