បំណុលពិភពលោកបានឈានដល់កំណត់ត្រាថ្មីមួយទៀត គិតត្រឹមត្រីមាសទី២ នៃឆ្នាំនេះ ដោយមានរហូតដល់ ៣០៧ពាន់ពាន់លានដុល្លារ ខណៈសេដ្ឋកិច្ចសកលកំពុងប្រឈមហានិភ័យ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Khaleejtimes។

ប្រភពដដែលបន្ថែមថា បំណុលពិភពលោកបច្ចុប្បន្នមានការកើនឡើងខ្ពស់ជាង មុនពេលផ្ទុះជំងឺរាតត្បាត ប្រហែល ៤៧ពាន់ពាន់លានដុល្លារ ហើយរំពឹងបន្តកើនខ្ពស់ជាងនេះថែមទៀត។
វិទ្យាស្ថានហិរញ្ញវត្ថុអន្តរជាតិ ហៅកាត់ IIF បានបង្ហាញការបារម្ភ បន្ទាប់ពីបំណុលគិតជាប្រាក់ដុល្លារ កើនឡើងប្រហែល ១០ពាន់ពាន់លានដុល្លារត្រឹមឆមាសទីមួយនៃឆ្នាំ២០២៣ និងកើនប្រហែល ១០០ពាន់ពាន់លានដុល្លារ បើធៀបនឹងរយៈពេល ១០ឆ្នាំចុងក្រោយនេះ។
ក្នុងនោះ បំណុលដែលទើបនឹងកើនឡើងមួយរយៈចុងក្រោយនេះ ភាគច្រើនគឺជាបន្ទុករបស់អាមេរិក ជប៉ុន បារាំង និងអង់គ្លេស ខណៈប្រទេសអភិវឌ្ឍន៍រ៉ាប់រងបំណុលថ្មីៗនេះ ៨០% ស្របពេលប្រទេសកំពុងអភិវឌ្ឍន៍ដែលមានបំណុលកើនឡើងច្រើនបំផុតគឺ ចិន ឥណ្ឌា និងប្រេស៊ីល។

សូមជម្រាបថា IIF បានអះអាងថា ការកើនឡើងនៃអតិផរណា គឺជាហេតុផលចំបងដែលធ្វើឲ្យបំណុលពិភពលោក កើនឡើងខ្លាំងក្នុងរយៈពេល ២ឆ្នាំចុងក្រោយ ហើយវានឹងអាចបន្តកើនឡើងបន្ថែមទៀត រហូតដល់ដំណាច់ឆ្នាំ២០២៣៕