ថៃ គ្រោងខ្ចីលុយជាង ៦៦ពាន់លានដុល្លារ សម្រាប់ឆ្នាំសារពើពន្ធ ២០២៤

អន្តរជាតិ

រដ្ឋាភិបាលថៃ គ្រោងនឹងខ្ចីប្រាក់ប្រហែល ២,៤ទ្រីលានបាត (៦៦,៦៥ពាន់លានដុល្លារ) សម្រាប់ឆ្នាំសារពើពន្ធ ២០២៤ ដែលនឹងត្រូវចាប់ផ្តើមពីថ្ងៃទី១ ខែតុលា ពោលគឺបានកើនឡើងប្រហែល ៩% បើធៀបទៅនឹងឆ្នាំបច្ចុប្បន្ន។ នេះបើតាមការចុះផ្សាយពីកាសែត Bangkok Post ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ប្រភពដែលបានដឹងអំពីផែនការនេះ បាននិយាយថា ថវិកាជាង ៧០០ពាន់លានបាត នៃកម្ចីសរុប នេះនឹងត្រូវផ្តល់ជាហិរញ្ញប្បទានដល់ឱនភាពថវិកា ខណ:ប្រហែល ១,៧ទ្រីលានបាត ផ្សេងទៀត ត្រូវបានកំណត់សម្រាប់ផ្តល់ហិរញ្ញប្បទានឡើងវិញ និងដើម្បីរៀបចំរចនាសម្ព័ន្ធបំណុល ដែលមានស្រាប់ផងដែរ ។

ប្រភពដដែល បាននិយាយទៀតថា ប្រហែលពាក់កណ្តាលនៃការស្វែងរកមូលនិធិនេះ នឹងត្រូវធ្វើឡើងតាមរយ:ការលក់មូលបត្របំណុលរដ្ឋាភិបាល ខណ:ចំនួនកម្ចីដែលនៅសេសសល់ នឹងត្រូវបានផ្តល់ជាហិរញ្ញប្បទានតាមរយ:វិក្កយបត្ររតនាគារ ប័ណ្ណសន្សំ ការប្តូរសញ្ញាប័ណ្ណ និងលិខិតសន្យា ។

ទន្ទឹមនឹងនេះ អាជ្ញាធរ ក៏គ្រោងនឹងលក់រហូតដល់ ២៧២ពាន់លានបាត នៃមូលបត្របំណុលរដ្ឋាភិបាល ក្នុងអំឡុងខែតុលា ដល់ខែធ្នូ ផងដែរ។ ហើយ​នៅពេលសួរអំពីផែនការនេះ ការិយាល័យគ្រប់គ្រងបំណុលសាធារណៈរបស់ក្រសួងហិរញ្ញវត្ថុថៃ មិនបានផ្តល់ព័ត៌មានលម្អិតណាមួយនោះឡើយ ប៉ុន្តែបាននិយាយថាកាលវិភាគប្រចាំត្រីមាស សម្រាប់ការដេញថ្លៃមូលបត្របំណុល នឹងត្រូវចេញផ្សាយនៅសប្តាហ៍ក្រោយ។

ជម្រាបជូនផងដែរថា ចំពោះផែនការលក់មូលបត្របំណុលនេះ បានកើតឡើង នៅពេលដែលរដ្ឋាភិបាលថ្មី ដែលដឹកនាំដោយគណបក្សភឿថៃ បានលើកឡើងពីគោលនយោបាយថ្មីៗ ដើម្បីជំរុញសេដ្ឋកិច្ចដែលធ្លាក់ចុះ ដោយសារតម្រូវការ​ទុន​សម្រាប់ការនាំចេញ និងទំនុកចិត្តវិនិយោគិនដែលមានកម្រិតទាប៕