ការបង្ក្រាបទ្រង់ទ្រាយធំរបស់រដ្ឋាភិបាលចិន បានធ្វើឲ្យមហាសេដ្ឋី និងស្ដេចត្រាញ់គ្រាក់ៗជាច្រើន ទទួលការខាតបង់មិនស្ទើរ ដោយក្នុងនោះមហាសេដ្ឋី ១៥រូប រកស៊ីនៅក្នុងវិស័យសុខាភិបាល របូតលុយប្រហែល ១៧ពាន់លានដុល្លារ។

យោងតាមការចុះផ្សាយពីសារព័ត៌មាន SCMP បានរាយការណ៍ថា ទ្រព្យសម្បត្តិសរុបរបស់មហាសេដ្ឋីទាំង ១៥រូបនេះ ធ្លាក់ចុះ ១៧% ពោលពី ១០១,៤ពាន់លានដុល្លារកាលពីចុងឆ្នាំមុន មកនៅត្រឹម ៨៤,១ពាន់លានដុល្លារប៉ុណ្ណោះនាពេលបច្ចុប្បន្ន។
ការខាតបង់ដ៏សម្បើមនេះកើតឡើង ក្រោយរដ្ឋាភិបាលអនុវត្ត ការបង្ក្រាបអំពើពុករលួយទ្រង់ទ្រាយធំទូទាំងប្រទេស ចំពោះវិស័យសុខាភិបាលប្រមាណ ២ខែមុន ខណៈកន្លងមកអាជ្ញាធរធ្លាប់តែបង្ក្រាបលើវិស័យបច្ចេកវិទ្យា។

ជាមួយគ្នានោះ លោក Chen Bang ប្រធានក្រុមហ៊ុន Aier Eye Hospital Group មានការខាតបង់ច្រើនបំផុត ប្រហែល ៣,៤ពាន់លានដុល្លារ និងរបូតតំណែងជាអ្នកមានបំផុតនៅក្នុងវិស័យមួយនេះ ប្រចាំប្រទេសចិន៕