ក្រុមហ៊ុនផលិតរថយន្តអគ្គិសនីវៀតណាម VinFast មានគម្រោងនាំចេញរថយន្តរបស់ខ្លួនលើកដំបូង ទៅកាន់សហភាពអឺរ៉ុបនាឆ្នាំនេះ បន្ទាប់ពីទទួលបានការអនុញ្ញាត។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន CNA។
ចំពោះផែនការមួយនេះ ក្រុមហ៊ុនរថយន្តមានតម្លៃបំផុតទី១៣លើលោក គ្រោងនឹងនាំចេញរថយន្តម៉ូដែល VF8 ចំនួន ៣ ០០០គ្រឿង ទៅកាន់ប្រទេសបារាំង អាល្លឺម៉ង់ និងហូឡង់ នាត្រីមាសទី៤ក្នុងឆ្នាំនេះ ពីរោងចក្ររបស់ VinFast នៅភាគខាងជើងនៃប្រទេសវៀតណាម។
ជាមួយគ្នានេះ បើសិនជាផែនការនាំចេញរបស់ VinFast ទទួលបានជោគជ័យ នោះអឺរ៉ុបនឹងក្លាយជាទីផ្សារធំបំផុត របស់ក្រុមហ៊ុនវៀតណាម ពោលគិតត្រឹមដើមឆ្នាំនេះ ក្រុមហ៊ុន VinFast នាំចេញរថយន្តបាន ២ ១០០គ្រឿង ទៅកាន់សហរដ្ឋអាមេរិករួចហើយ។
ក្រៅពីរថយន្តម៉ូដែល VF8 នាយកប្រតិបត្តិក្រុមហ៊ុន VinFast លោកស្រី Le Thi Thu Thuy ក៏បានបន្ថែមដែរថា រថយន្តប្រភេទ VF6, VF7 និង VF9 នឹងមានវត្តមានលើទីផ្សារអឺរ៉ុប នាឆ្នាំក្រោយ៕