អតីតអភិបាលក្រុង New York មហាសេដ្ឋីអាមេរិក Michael Bloomberg បានប្រកាសពីការចំណាយលុយប្រហែល ៥០០លានដុល្លារ ដើម្បីលុបបំបាត់ការផលិតអគ្គិសនី ដោយប្រើប្រាស់ធ្យូងថ្ម និងឧស្ម័នធម្មជាតិ ឲ្យបានពាក់កណ្ដាលនៅសហរដ្ឋអាមេរិក ត្រឹមឆ្នាំ២០៣០។
យោងតាមការចុះផ្សាយពីសារព័ត៌មាន Cowboystatedaily បានបង្ហាញថា យុទ្ធនាការលុបបំបាត់ការប្រើប្រាស់ធ្យូងថ្ម និងឧស្ម័នធម្មជាតិ ដើម្បីផលិតអគ្គិសនីរបស់លោក Michael គឺមានទំហំរហូតដល់ ១ពាន់លានដុល្លារហើយ ពោលកាលពីឆ្នាំ២០១៩ លោកធ្លាប់ចាយលុយ ៥០០លានដុល្លារ សម្រាប់យុទ្ធនាការមួយនេះ និងបានកាត់បន្ថយការប្រើប្រាស់ធនធានធម្មជាតិទាំងនេះ ប្រមាណ ៦០% រួចមកហើយ។
គួររំលឹកដែរថា សព្វថ្ងៃអាមេរិកទទួលបានអគ្គិសនីប្រើប្រាស់ ក្រោមការផលិតពីធ្យូងថ្មប្រហែល ២០% និងឧស្ម័នធម្មជាតិ ៤០%។
ជម្រាបបន្ថែមថា បើសិនជាយុទ្ធនាការរបស់មហាសេដ្ឋីអាមេរិកទទួលបានជោគជ័យ ប្រជាជនអាមេរិក នឹងត្រូវពឹងផ្អែកទៅលើថាមពលសូឡា និងថាមពលខ្យល់ សម្រាប់តម្រូវការអគ្គិសនីរបស់ពួកគេ៕