ភូមិគ្រឹះរបស់មេធំ Evergrande ដែលត្រូវបានរឹបអូស ដាក់លក់តម្លៃជាង ១០០លានដុល្លារ

អន្តរជាតិ

យោងតាមការចុះផ្សាយពីសារព័ត៌មាន Bloomberg នាថ្ងៃទី២២ ខែកញ្ញានេះ បានឲ្យដឹងថា​ ភូមិគ្រឹះរបស់មហាសេដ្ឋី Hui Ka Yan ដែលជាប្រធានក្រុមហ៊ុន Evergrande នៅទីក្រុងហុងកុង ដែលត្រូវបានរឹបអូសដោយរដ្ឋាភិបាលចិនកាលពីឆ្នាំមុន ត្រូវបានដាក់លក់លើទីផ្សារហើយ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ភូមិគ្រឹះមួយនេះត្រូវបានដាក់លក់ក្នុងតម្លៃប្រហែល ១១២លានដុល្លារ នៅចំកណ្ដាលទីក្រុងហុងកុង គឺមានទំហំ ៤៦៥ម៉ែត្រការ៉េ ស្ថិតនៅតំបន់ 10B Black’s Link គឺជា​អចលនទ្រព្យមួយ ក្នុងចំណោមអចលនទ្រព្យធំៗ ៣ របស់មហាសេដ្ឋីចិនរូបនេះ ដែលបានដាក់​ជាវត្ថុបញ្ចាំ ទៅកាន់ធនាគារចិន។

សូមជម្រាបដែរថា China Evergrande បានជួបគ្រោះធំ ដោយសាររដ្ឋាភិបាលបានបង្ក្រាបទៅលើ​អំពើពុករលួយក្នុងវិស័យអចលនទ្រព្យ និងធ្វើឲ្យក្រុមហ៊ុនជាប់បំណុលប្រមាណជាង ៣០០ពាន់លានដុល្លារ។

ដើម្បីអាចដោះស្រាយបញ្ហាទាំងនេះ ស្ថាបនិកក្រុមហ៊ុន លោក Hui បានចាប់ផ្ដើមប្រមែប្រមូល លក់អចលនទ្រព្យ ភាគហ៊ុន និងបានដាក់បញ្ចាំផ្ទះ ដើម្បីយកប្រាក់ពីធនាគារដោះស្រាយ​បញ្ហាខ្លះៗ ខណៈបច្ចុប្បន្នទ្រព្យសម្បត្តិរបស់លោកមានប្រមាណ ២ពាន់លានដុល្លារ ថយចុះប្រមាណ ៩៥% ពីឆ្នាំ២០១៧ ដែលលោកធ្លាប់មានរហូតដល់ ៤២ពាន់លានដុល្លារ៕