យោងតាមការចុះផ្សាយពីសារព័ត៌មាន Reuters បានរាយការណ៍ថា ក្រុមហ៊ុន Tesla បានរៀបចំផែនការ ដើម្បីផលិត និងលក់ប្រព័ន្ធផ្ទុកថាមពល នៅប្រទេសឥណ្ឌា ហើយក៏បានដាក់សំណើរួចស្រេចទៅកាន់រដ្ឋាភិបាល ក្នុងការទទួលបានភាគលាភ ក្នុងការសាងសង់រោងចក្រនៅក្នុងប្រទេសមួយនេះ។

ក្រុមហ៊ុនអាមេរិកមួយនេះ បានពិភាក្សាជាមួយអាជ្ញាធរឥណ្ឌាអស់ជាច្រើនសប្ដាហ៍ ដើម្បីសាងសង់រោងចក្រ ដែលអាចផលិតរថយន្តក្នុងតម្លៃ ២៤ ០០០ដុល្លារក្នុងមួយគ្រឿង។

ជាមួយគ្នានេះ អំឡុងពេលកិច្ចប្រជុំនៅទីក្រុង New Delhi ក្រុមហ៊ុន Tesla បានលើកសំណើ ជួយដល់ការពង្រីកសមត្ថភាពនៃការផ្ទុកថាមពលរបស់ឥណ្ឌា តាមរយៈការប្រើប្រាស់ប្រព័ន្ធ Powerwall ដែលអាចផ្ទុកថាមពលពីបន្ទះសូឡា និងប្រើប្រាស់វានាពេលយប់ ឬពេលដាច់ចរន្តអគ្គិសនីម្ដងម្កាល។
សូមជម្រាបដែរថា Tesla បានទាមទារផលប្រយោជន៍ជាច្រើន ពីការបង្កើតរោងចក្ររបស់ខ្លួននៅឥណ្ឌា ប៉ុន្តែរដ្ឋាភិបាលទំនងមិនអាចបំពេញតាមតម្រូវការទាំងអស់ឡើយ ដោយពួកគេគ្រាន់តែបង្ហើបថា នឹងបង្កើតឱកាសទីផ្សារប្រកួតប្រជែងសម្រាប់ Tesla៕