ប៉ូឡូញលែងផ្គត់ផ្គង់អាវុធឲ្យអ៊ុយក្រែន ធ្វើឲ្យទំនាក់ទំនងប្រទេសទាំង២ ល្អក់កករ

អន្តរជាតិ

ប្រទេសប៉ូឡូញ បានប្រកាសបញ្ឈប់រាល់ការផ្តល់ជំនួយជាសព្វាវុធទៅកាន់ទីក្រុង Kyiv ទៀត បន្ទាប់ពីប្រធានាធិបតីលោក Volodymyr Zelenskyy បានចោទប្រកាន់ទីក្រុង Warsaw ថាបានហាមឃាត់ការនាំចូលគ្រាប់ធញ្ញជាតិរបស់អ៊ុយក្រែន។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន The Guardian​ ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ចាប់តាំងពីការចូលឈ្លានពានរបស់រុស្ស៊ីកាលពីខែកុម្ភៈឆ្នាំ ២០២២ មក ប្រទេសប៉ូឡូញគឺជាសម្ព័ន្ធមិត្តដ៏សំខាន់ ដែលតែងតែជាអ្នកផ្គត់ផ្គង់អាវុធដ៏សំខាន់មួយរបស់ទីក្រុង Kyiv និងក៏ជាប្រទេសដែលធ្លាប់ជួយទទួលជនភៀសខ្លួនអ៊ុយក្រែនប្រមាណជាងមួយលាននាក់ផងដែរ។

ប៉ុន្តែទំនាក់ទំនងរវាងប្រទេសទាំងពីរ​ បានធ្លាក់ចុះក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ ពោលកាលពីថ្ងៃពុធ នាយករដ្ឋមន្ត្រីប៉ូឡូញ លោក Mateusz Morawiecki បានអំពាវនាវឱ្យបញ្ឈប់រាល់ការផ្គត់ផ្គង់អាវុធរបស់ខ្លួន ទៅកាន់ទីក្រុង Kyiv ទៀត ដោយបានលើកឡើងថា៖ ពួកយើង​លែង​ផ្តល់​អាវុធ​ទៅអោយអ៊ុយក្រែនទៀត​ហើយ ​ព្រោះ​បច្ចុបន្នពួក​យើង​កំពុងផ្តោតលើការ​បំពាក់​អាវុធ​ដល់យោធា​ប៉ូឡូញ​ដែលទំនើប​ជាង​នេះ​។

សូមជម្រាបថា ចំណាត់ការនេះបានធ្វើឡើងបន្ទាប់ពីលោក Zelenskyy បានថ្លែងក្នុងសុន្ទរកថារបស់លោកទៅកាន់មហាសន្និបាតអង្គការសហប្រជាជាតិ ដើម្បីចោទប្រកាន់មនុស្សមួយចំនួននៅអឺរ៉ុបថា បានអនុញ្ញាតឱ្យបញ្ហានៃការនាំចេញគ្រាប់ធញ្ញជាតិ ផ្តល់ផលប្រយោជន៍ដល់ប្រទេសរុស្ស៊ី ពោលគឺកាលពីពេលថ្មីៗនេះ ប្រទេសប៉ូឡូញ និងហុងគ្រី បានហាមឃាត់ការនាំចូលគ្រាប់ធញ្ញជាតិ និងស្បៀងអាហារផ្សេងទៀត​ពីប្រទេសអ៊ុយក្រែន ដើម្បីការពារកសិកររបស់ពួកគេ៕