ក្រុមហ៊ុន SpaceX របស់មហាសេដ្ឋីអាមេរិក លោក Elon Musk ថ្មីៗនេះ បានបង្ហាញពីគោលបំណងក្នុងការផ្តល់សេវាអ៊ីនធឺណិត ដល់ប្រទេសវៀតណាម តាមរយ:ប្រព័ន្ធផ្កាយរណប Starlink របស់ខ្លួន។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន VN Express ។
លោក Tim Hughes អនុប្រធានជាន់ខ្ពស់ទទួលបន្ទុកទំនាក់ទំនងរដ្ឋាភិបាល និងធុរកិច្ចសកលនៃក្រុមហ៊ុន SpacesX Group បាននិយាយ នៅក្នុងអំឡុងជំនួបជាមួយនាយករដ្ឋមន្ត្រីវៀតណាម លោក Pham Minh Chinh កាលពីថ្ងៃពុធថា ក្រុមហ៊ុនរបស់ខ្លួន គ្រោងនឹងមកបោះទុនវិនិយោគនៅក្នុងប្រទេសនេះ ដោយសារតែបានមើលឃើញពីការអភិវឌ្ឍ យ៉ាងឆាប់រហ័ស។
លោក Tim បានបន្ថែមទៀតថា SpaceX ចង់ផ្តល់សេវាកម្មអ៊ីនធឺណិត Starlink ជាពិសេសនៅកន្លែងនានា នៅក្នុងប្រទេសវៀតណាម ដែលមានការគ្របដណ្តប់សេវាទាប ស្របពេលលោក Chinh ក៏បានស្វាគមន៍ចំពោះសំណើ ដែលបានលើកឡើងនេះ ដោយរំពឹងថាវានឹងអាចជួយជំរុញការផ្លាស់ប្តូរប្រព័ន្ធឌីជីថល និងការអភិវឌ្ឍសេដ្ឋកិច្ចឌីជីថល របស់ប្រទេសខ្លួន បន្ថែមទៀត ។
គួរឱ្យដឹងថា Starlink មានផ្កាយរណបសកម្មចំនួន ៣ ៥០០ ដែលអាចមានសមត្ថភាពផ្តល់សេវាអ៊ីនធឺណិត ដល់មនុស្សប្រហែល ៥០០ ០០០ នាក់ ក្នុងប្រទេសចំនួន ៣៧ ។
ជម្រាបជូនផងដែរថា នៅក្នុងតំបន់អាស៊ីអាគ្នេយ៍ ក្រុមហ៊ុន SpaceX របស់លោក Musk មានវត្តមាននៅក្នុងប្រទេសហ្វីលីពីន និងម៉ាឡេស៊ីរួចទៅហើយ ដោយបានបើកដំណើរការសេវាកម្មរបស់ខ្លួន ចាប់តាំងពីដើម ឆ្នាំ ២០២៣ នេះមក ៕