ធនាគារអភិវឌ្ឍអាស៊ី ហៅកាត់ ADB បានកែសម្រួលការព្យាកររបស់ខ្លួន សម្រាប់កំណើនសេដ្ឋកិច្ចរបស់ប្រទេសឡាវ នៅក្នុងឆ្នាំ ២០២៣ មកនៅត្រឹម ៣,៧% ពោលគឺបានធ្លាក់ចុះពី ៤% ដែលបានចេញផ្សាយកាលពីខែមេសាកន្លងទៅ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន VNA ។
កំណើនសេដ្ឋកិច្ចក្នុងប្រទេសឡាវ នៅឆ្នាំ ២០២៣ នេះ ត្រូវបានព្យាករថានឹងមានល្បឿនយឺតជាងការរំពឹងទុក ដោយសារតែការធ្លាក់ចុះនៃកំណើនសេដ្ឋកិច្ចនៅក្នុងប្រទេសចិន និងសម្ពាធម៉ាក្រូសេដ្ឋកិច្ច ដែលកើតឡើងពីបំណុលសាធារណ:មិនស្ថិតស្ថេរ និងកម្សោយនៃរូបិយប័ណ្ណប្រាក់គីប របស់ឡាវ។
ទន្ទឹមនឹងនេះ សម្ពាធអតិផរណា ក៏ជាបញ្ហាប្រឈមដ៏ចម្បងមួយសម្រាប់ប្រទេសឡាវ ផងដែរ បើទោះបីជាកម្រិតអតិផរណា បានធ្លាក់ចុះមកនៅត្រឹម ២៥,៨៨% នៅក្នុងខែសីហាក៏ដោយ ខណ:អត្រានេះ នៅតែស្ថិតនៅក្នុងចំណោមកម្រិតខ្ពស់បំផុត នៅក្នុងតំបន់។
ប្រព័ន្ធផ្សព្វផ្សាយនៅក្នុងស្រុក បានដកស្រង់សម្តីនាយក ADB ប្រចាំប្រទេសឡាវ លោក Sonomi Tanaka ដោយនិយាយថា ការគ្រប់គ្រងម៉ាក្រូសេដ្ឋកិច្ចល្អ រួមទាំងការសម្របសម្រួលកាន់តែខ្លាំងលើគោលនយោបាយសារពើពន្ធ និងរូបិយវត្ថុ គឺជាកត្តាចាំបាច់បំផុត ដើម្បីដោះស្រាយបញ្ហាប្រឈមសេដ្ឋកិច្ច និងហិរញ្ញវត្ថុរបស់ប្រទេសនេះ ៕