លោក ថាក់ស៊ីន​ អាចនឹងក្លាយជាទីប្រឹក្សារដ្ឋាភិបាល ក្រោយមានការគាំទ្រពីគណបក្សកំពុងកាន់អំណាច

អន្តរជាតិ

គណបក្សភឿថៃ ដែលកំពុងកាន់អំណាចបាននិយាយនៅថ្ងៃសុក្រនេះថា អតីតនាយករដ្ឋមន្ត្រីថៃ លោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា ដែលកំពុងជាប់ពន្ធនាគារនោះ អាចនឹងកាន់តំណែងជាទីប្រឹក្សារដ្ឋាភិបាលថ្មីបាន។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន AFP ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

នាយករដ្ឋមន្ត្រីថៃថ្មី លោក Srettha Thavisin បាននិយាយនៅដើមសប្តាហ៍នេះថា លោកថាក់ស៊ីន នៅតែអាចបម្រើប្រទេសជាតិក្នុងជួររដ្ឋាភិបាលបាន ខណៈឧបនាយករដ្ឋមន្ត្រី Phumtham Wechayachai បាននិយាយនៅថ្ងៃសុក្រនេះទៀតថា លោកគាំទ្រលើគោលគំនិត ក្នុងការដែលអាចអោយលោកថាក់ស៊ីន ក្លាយជាទីប្រឹក្សារដ្ឋាភិបាល។

ឧបនាយករដ្ឋមន្ត្រីរូបនេះដដែរក៏បានបន្ថែមថា៖ វានឹងក្លាយជារឿងល្អ ពីព្រោះគាត់មានបទពិសោធន៍ ហើយគាត់នឹងផ្តល់ផលប្រយោជន៍យ៉ាងសំខាន់ដល់ប្រទេសជាតិ។

ប្រភពពី​គណបក្ស​មួយផ្សេង​ទៀតក៏​បាន​បញ្ជាក់​ប្រាប់ទីភ្នាក់ងារសារព័ត៌មាន AFP ដែរថា រដ្ឋាភិបាល​ចម្រុះ​ថ្មី​ដែល​ដឹកនាំ​ដោយ​គណបក្ស​ភឿថៃ គ្រោង​នឹង​ពិគ្រោះ​ជាមួយ​លោក ថាក់ស៊ីន ពីបញ្ហាមួយនេះ នៅ​ពេលដែលលោក​ត្រូវ​បាន​ដោះលែង​ពី​ពន្ធនាគារ។

គួររំលឹកដែរថា បុរសវ័យ ៧៤ឆ្នាំរូបនេះ ត្រូវបានទម្លាក់ដោយរដ្ឋប្រហារយោធាកាលពីឆ្នាំ ២០០៦ ខណៈកាលពីខែមុន លោកបានត្រលប់មកមាតុប្រទេសវិញ ហើយត្រូវបានចាប់ខ្លួនភ្លាមៗ លើបទប្រព្រឹត្តអំពើពុករលួយ និងប្រើអំណាចខុសច្បាប់ អំឡុងពេលរូបលោកនៅកាន់តំណែងជានាយករដ្ឋមន្ត្រី។

ប៉ុន្តែត្រឹមប៉ុន្មានម៉ោងនៃការជាប់ពន្ធនាគារនោះ លោកថាក់ស៊ីន ត្រូវបានផ្លាស់ទៅបន្ទប់ឯកជនមួយនៅមន្ទីរពេទ្យប៉ូលីស ដោយសារតែបញ្ហាសុខភាពទន់ខ្សោយ។

សូមជម្រាបបន្ថែមថា​ កាលពីថ្ងៃសុក្រ ទី០២ ខែកញ្ញាកន្លងទៅ លោកថាក់ស៊ីនត្រូវបានបន្ធូរបន្ថយទោសជាប់ពន្ធនាគារពី ៨ឆ្នាំ មកនៅត្រឹម ១ឆ្នាំវិញ ក្រោយពីទទួលបានការប្រោសប្រទានទោសពីព្រះមហាក្សត្រ៕