រយៈពេល ៩ខែដំបូងនៃឆ្នាំ២០២៣នេះ មហាសេដ្ឋីលំដាប់កំពូលៗដូចជា Elon Musk, Jeff Bezos និង Mark Zuckerberg បានសំងំកើបលុយបានច្រើនសន្ធឹក ពោលទ្រព្យសម្បត្តិរបស់មហាសេដ្ឋីពិភពលោក មានការកើនឡើងប្រហែល ៣៩៧ពាន់លានដុល្លារ។

យោងតាមការចុះផ្សាយពីសារព័ត៌មាន Bloomberg Billionaires Index បានបង្ហាញថា ក្នុងចំណោមមហាសេដ្ឋីទាំងអស់ ទ្រព្យសម្បត្តិរបស់មេធំ Tesla មានការកើនឡើងខ្ពស់ដាច់គេ ប្រមាណ ៩៩ពាន់លានដុល្លារ។
ទន្ទឹមនឹងនោះ ស្ថាបនិកក្រុមហ៊ុន Meta Platforms ក៏សំងំកើបលុយបានក្រាស់ក្រែលផងដែរ ដោយទ្រព្យសម្បត្តិរបស់មហាសេដ្ឋី Mark កើនបានប្រហែល ៦២ពាន់លានដុល្លារ ដោយសារតម្លៃហ៊ុនរបស់ Meta កើនរហូតដល់ ១៥១% បើធៀបនឹងឆ្នាំទៅ។
ដោយឡែក ទ្រព្យសម្បត្តិរបស់លោក Jeff Bezos ស្ថាបនិកក្រុមហ៊ុន Amazon ក៏មានការកើនឡើងប្រហែល ៤៦,៥ពាន់លានដុល្លារផងដែរ ដែលធ្វើឲ្យលោកក្លាយជាមហាសេដ្ឋីទី៣ រកប្រាក់បានច្រើនបំផុត បន្ទាប់ពី Elon Musk និង Mark Zuckerberg។
សូមជម្រាបបន្ថែមថា ក្នុងចំណោមមហាសេដ្ឋីរកចំណូលបានច្រើនបំផុត ១០រូប មាន ៩នាក់ជាអ្នកជំនួញរកស៊ីនៅលើវិស័យបច្ចេកវិទ្យា ខណៈម្នាក់ទៀតគឺមហាសេដ្ឋីអេស្ប៉ាញ Amacio Ortega ស្ថាបនិកក្រុមហ៊ុនលក់សម្លៀកបំពាក់ Inditex៕