នាព្រឹកថ្ងៃចន្ទនេះ នាយករដ្ឋមន្ត្រីថៃ លោក Srettha Thavisin បានឈររង់ចាំស្វាគមន៍ទទួលភ្ញៀវទេសចរណ៍ជនជាតិចិន ដែលបានមកកម្សាន្តនៅទីក្រុងបាងកក ក្រោយរដ្ឋាភិបាលថៃប្រកាសលើកលែងទិដ្ឋាការ សម្រាប់ជនជាតិចិន។
យោងតាមការចុះផ្សាយពីសារព័ត៌មាន Reuters បានបង្ហាញថា ភ្ញៀវទេសចរណ៍ជនជាតិចិន ដែលបានចុះចតនៅទីក្រុងបាងកក ទទួលបានការរាក់ទាក់លក្ខណៈ VIP តែម្ដង ដោយមានទាំងការសម្ដែង និងរាំរបាំថែមទៀត។
គួររំលឹកដែរថា ផែនការលើកលែងទិដ្ឋាការសម្រាប់ប្រជាជនចិនរបស់រដ្ឋាភិបាលថៃ ចាប់ផ្ដើមដំណើរការពីថ្ងៃទី២៥ ខែកញ្ញា រហូតដល់ខែកុម្ភៈឆ្នាំក្រោយ ខណៈរដ្ឋាភិបាលរំពឹងថា ចំនួនភ្ញៀវទេសចរណ៍ចិន នឹងកើនឡើងរហូតដល់ ២,៨៨លាននាក់ ក្នុងរយៈពេល ៥ខែនេះ។
ជម្រាបបន្ថែមថា វិស័យទេសចរណ៍គឺជាប្រភពចំណូលដ៏សំខាន់របស់រដ្ឋាភិបាលថៃ ស្របពេលជនជាតិចិន គឺជាភ្ញៀវទេសចរណ៍គោលដៅធំបំផុត ពោលមុនកើតមានជំងឺរាតត្បាតកូវីដ១៩ ថៃទទួលបានចំណូលជាង ៥៣ពាន់លានដុល្លារ ពីការចំណាយរបស់ជនជាតិចិន៕