កាលពីថ្ងៃទី២៣ ខែកញ្ញា ប្រធានាធិបតីចិន លោក ស៊ី ជិនពីង បាននិយាយថា លោកនឹងពិចារណាយ៉ាងយកចិត្តទុកដាក់ ចំពោះការបំពេញទស្សនកិច្ចទៅកាន់ប្រទេសកូរ៉េខាងត្បូង ខណៈដំណើរទស្សនកិច្ចចុងក្រោយទៅកាន់ប្រទេសមួយនេះរបស់មេដឹកនាំចិន កើតឡើងតាំងពីឆ្នាំ២០១៤ម៉្លេះ។
យោងតាមការចុះផ្សាយពីសារព័ត៌មាន CCTV បានរាយការណ៍ថា លោក ស៊ី បានប្រាប់ទៅកាន់នាយករដ្ឋមន្ត្រីកូរ៉េខាងត្បូង Han Duck-soo ថា ចិនយល់ព្រមធ្វើការជាមួយកូរ៉េខាងត្បូង ដើម្បីពង្រឹងភាពជាដៃគូយុទ្ធសាស្ត្ររវាងប្រទេសទាំង២។
ជាមួយគ្នានេះ គេហទំព័រ Reuters ក៏បានរាយការណ៍បន្ថែមថា ការតាំងចិត្តពង្រឹងទំនាក់ទំនងរបស់ចិន គឺកើតឡើងមុនពេលបើកកិច្ចប្រជុំត្រីភាគីរវាងចិន ជប៉ុន និងកូរ៉េខាងត្បូង ធ្វើឡើងនៅទីក្រុងសេអ៊ូល នាថ្ងៃទី២៦ ខែកញ្ញា ខណៈកិច្ចប្រជុំនេះធ្វើឡើងជាលើកដំបូង ក្នុងរយៈពេល ៤ឆ្នាំ ហើយវាក៏ត្រូវបានចាត់ទុកថា ជាការត្រួសត្រាយផ្លូវ ក្នុងការបង្កើតកិច្ចសហប្រតិបត្តិការ រវាងប្រទេសទាំង៣ ផងដែរ៕