គណបក្សឆ្ពោះទៅមុខ បង្ហាញមុខមេដឹកនាំថ្មី ក្រោយលោក ភីថា ដើរចេញពីតំណែង

អន្តរជាតិ

គណបក្សឆ្ពោះទៅមុខ ដែលជាបក្សប្រឆាំងដ៏ធំបំផុតនៅក្នុងប្រទេសថៃ បានប្រកាសតែងតាំងមេដឹកនាំថ្មីរបស់ខ្លួន កាលពីថ្ងៃសៅរ៍ បន្ទាប់ពីលោក ភីថា លីមចារើនរ៉ាត់ លាលែងចេញពីតំណែងជាប្រធានបក្ស។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

យោងតាមការចុះផ្សាយពីសារព័ត៌មាន Reuters បានបង្ហាញឱ្យដឹងថា លោក Chaithawat Tulaton ដែលជាអតីតនិពន្ធនាយកទស្សនារដ្តីនយោបាយ និងជាអគ្កលេខាធិការបក្ស នឹងត្រូវឡើងកាន់តំណែងជាប្រធានបក្សឆ្ពោះទៅមុខ ជំនួសលោក ភីថា ។

មេដឹកនាំគណបក្សទើបជាប់ឆ្នោតថ្មី វ័យ ៤៥ ឆ្នាំរូបនេះ ធ្លាប់បានសិក្សាផ្នែកវិស្វកម្មបរិស្ថាននៅសកលវិទ្យាល័យ Chulalongkorn ហើយបានចូលរួមក្នុងចលនានយោបាយរបស់ប្រទេសថៃ អស់រយៈពេលជាង ៥ ឆ្នាំ មុនពេលលោក បានក្លាយជាផ្នែកមួយ ក្នុងចំណោមស្ថាបនិកស្នូលនៃគណបក្សឆ្ពោះទៅមុខ ។

ក្រោយឡើងកាន់តំណែងនេះ លោក Chiathawat បាននិយាយប្រាប់ទៅកាន់អ្នកយកព័ត៌មានថា ៖ ” នេះនឹងក្លាយជាការរៀបចំឡើងវិញជាបណ្តោះអាសន្ន។​ សម្រាប់ហេតុផលផ្លូវច្បាប់ លោក ភីថា មិនអាចបំពេញកាតព្វកិច្ចជាមេដឹកនាំបក្សប្រឆាំងបាននោះឡើយ។ តែគាត់នឹងបន្តធ្វើជាទីប្រឹក្សាបក្ស និងគ្រប់គ្រងសកម្មភាព នៅខាងក្រៅសភា ” ។

ជម្រាបជូនផងដែរថា លោក ភីថា បានបរាជ័យ ក្នុងការទទួលបានសំឡេងគាំទ្រគ្រប់គ្រាន់ ពីការបោះឆ្នោតសភា ពីរលើកជាប់គ្នា ដែលនេះមិនអាចធ្វើឱ្យលោកក្លាយជានាយករដ្ឋមន្ត្រីថ្មីបាននោះឡើយ។ ​ហើយកាលពីដើមខែនេះ លោក បានសម្រេចលាលែងចេញពីតំណែងជាប្រធានបក្ស ចំពេលមានបញ្ហាប្រឈមផ្នែកច្បាប់ និងនីតិបញ្ញត្តិជាច្រើន ៕