មេដឹកនាំរបស់ប្រទេសកូរ៉េខាងជើង លោក គីម ជុងអ៊ុន បានចេញលិខិតមួយ ផ្ញើជូនទៅកាន់ប្រធានាធិបតីចិន លោក ស៊ី ជិនពីង ដោយសង្ឃឹមថានឹងអាចបន្តលើកកម្ពស់ទំនាក់ទំនង ក៏ដូចជាកិច្ចសហប្រតិបត្តិការបន្ថែមទៀត ជាមួយរដ្ឋាភិបាលទីក្រុងប៉េកាំង ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters ។
លោក គីម បាននិយាយ នៅក្នុងលខិតនោះថា ៖” ខ្ញុំជឿជាក់ថា ទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងកូរ៉េខាងជើង និងចិន នឹងបន្តអភិវឌ្ឍជាលំដាប់ ស្របតាមតម្រូវការនៃយុគសម័យថ្មី និងតាមការចង់បានរបស់ប្រជាជនទាំងពីរ នាពេលអនាគត”។
គួរឱ្យដឹងថា លិខិតនេះ គឺជាការឆ្លើយតប ចំពោះការអបអរសាទេររបស់លោក ស៊ី ដែលបានផ្ញើទៅកាន់លោក គីម សម្រាប់ខួបនៃការបង្កើតប្រទេសកូរ៉េខាងជើង នៅក្នុងខែនេះ ខណ:ពេលដែលប្រធានាធិបតីចិន បានបង្ហាញពីឆន្ទ:របស់ខ្លួន ក្នុងការពង្រឹងទំនាកទំនងយុទ្ធសាស្រ្ត និងកិច្ចសហប្រតិបត្តិការកម្រិតការងារ។
ជម្រាបជូនថា ចិនជាសម្ព័ន្ធមិត្តសន្ធិសញ្ញាដ៏យូរអង្វែងមួយរបស់កូរ៉េខាងជើង និងជាអ្នកផ្តល់ផលសេដ្ឋកិច្ចដ៏សំខាន់ផងដែរ ខណ:លោក ស៊ី ក៏បាននិយាយកាលពីខែមេសាថា រដ្ឋាភិបាលទីក្រុងប៉េកាំង នឹងជំរុញឱ្យមានដំណាក់កាលកាន់តែខ្ពស់ នៃទំនាក់ទំនងជាមួយរដ្ឋាភិបាលទីក្រុងព្យុងយ៉ាង ៕