យោងតាមការចុះផ្សាយពីសារព័ត៌មាន CNBC បានបង្ហាញឲ្យដឹងថា លោក Dave Limp ដែលបានប្រកាសលាលែងតំណែងពីបុគ្គលិកជាន់ខ្ពស់នៅ Amazon នឹងត្រូវមកបន្តតំណែងជា CEO នៃក្រុមហ៊ុន Blue Origin ពីលោក Bob Smith។

អតីតបុគ្គលិក Amazon ម្នាក់នេះ នឹងត្រូវចូលកាន់តំណែងថ្មីនាថ្ងៃទី០៤ ខែធ្នូ ខណៈលោក Smith នឹងត្រូវអស់តួនាទីនៅថ្ងៃទី០២ ខែមករា ដោយសារត្រូវរង់ចាំការផ្ទេរតំណែង CEO របស់ក្រុមហ៊ុន។

គួររំលឹកដែរថា លោក Limp គឺធ្លាប់ធ្វើការយ៉ាងជិតស្និទ្ធជាមួយស្ថាបនិកក្រុមហ៊ុន Amazon លោក Jeff Bezos អំឡុងពេលមហាសេដ្ឋីអាមេរិករូបនេះ នៅកាន់តំណែងជា CEO ប្រចាំក្រុមហ៊ុន ខណៈអនាគតមេធំថ្មីរបស់ Blue Origin មានបទពិសោធន៍ក្រាស់ក្រែលជាមួយ Amazon បន្ទាប់ពីធ្វើការនៅទីនោះរយៈពេល ១៣ឆ្នាំ។
ជាមួយគ្នានេះ អ្នកនាំពាក្យរបស់ក្រុមហ៊ុន Blue Origin បានប្រាប់ទៅកាន់សារព័ត៌មាន CNBC ថា លោក Limp គឺជាអ្នកច្នៃប្រឌិតខ្ពស់ ដោយគិតពីអ្វីដែលអតិថិជនចង់បានជាចំបង ខណៈលោកក៏មានបទពិសោធន៍ជោគជាំ នៅក្នុងវិស័យបច្ចេកវិទ្យា និងការដឹកនាំក្រុមហ៊ុនធំៗផងដែរ៕