ថ្មីៗនេះ អាជ្ញាធរសេដ្ឋកិច្ច និងអភិវឌ្ឍជាតិ (NEDA) របស់ហ្វីលីពីន បាននិយាយថា ប្រទេសរបស់ខ្លួន កំពុងពិចារណាទៅលើជម្រើសផ្សេងទៀត ក្រៅតែពីការដាក់កម្រិតតម្លៃ ដើម្បីដោះស្រាយទៅលើបញ្ហាតម្លៃអង្ករកើនឡើងខ្ពស់។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន VNA ។
លេខាធិការ NEDA លោក Arsenio Balisacan និងលេខាធិការក្រសួងហិរញ្ញវត្ថុ លោក Benjamin E. Diokno ថ្មីៗនេះ បានស្នើសុំឱ្យមានការកាត់បន្ថយអត្រាពន្ធ ៣៥% ជាបណ្តោះអាសន្ន ពោលគឺមកនៅកម្រិត ០%ទៅ១០% សម្រាប់ការនាំចូលអង្ករពីបណ្តាប្រទេសក្នុងតំបន់អាស៊ាន។
ទន្ទឹមនឹងការកាត់បន្ថយពន្ធជាបណ្ដោះអាសន្ននេះ លោក Balisacan បានសង្កត់ធ្ងន់ទៀតថា NEDA នឹងបន្តពិភាក្សាទៅលើជម្រើសផ្សេងទៀត ដើម្បីកាត់បន្ថយតម្លៃអង្ករ ជាមួយប្រធានាធិបតី លោក Ferdinand Marcos jr ជំនួសឱ្យការដាក់កម្រិតតម្លៃតែមួយមុខ។ ដោយវិធានការ ដែលដាក់ចេញដោយប្រធានាធិបតីរូបនេះ គឺគ្រាន់តែបណ្ដោះអាសន្នប៉ុណ្ណោះ ខណ:រដ្ឋាភិបាលត្រូវស្វែងរកជម្រើសថ្មីល្អជាងនេះ។
ជម្រាបជូនផងដែរថា NEDA កំពុងតាមដានយ៉ាងដិតដល់ លើតម្លៃអង្ករពិភពលោក និងបរិមាណនាំចេញរបស់ប្រទេសនាំចេញកំពូលៗ ស្របពេលការហាមឃាត់ការនាំចេញអង្កររបស់ឥណ្ឌា នាពេលថ្មីៗនេះ និងការដាក់សម្ពាធពីប្រទេសនាំចេញសំខាន់ៗដូចជាវៀតណាម និងថៃ បានជំរុញឱ្យតម្លៃអង្ករពិភពលោកកើនឡើងយ៉ាងខ្លាំង ៕