កូរ៉េខាងត្បូងធ្វើព្យុហយាត្រាយោធាដ៏កម្រ ព្រមានកូរ៉េខាងជើងរឿងអាវុធនុយក្លេអ៊ែរ

អន្តរជាតិ

នៅថ្ងៃទី២៦ ខែកញ្ញា ប្រទេសកូរ៉េខាងត្បូងបានធ្វើព្យុហយាត្រាយោធាទ្រង់ទ្រាយធំមិនធ្លាប់មានជាលើកដំបូងក្នុងរយៈពេលមួយទសវត្សមកនេះ ក្រោមបុព្វហេតុបង្ហាញសព្វាវុធយោធាដ៏ខ្លាំងក្លា ខណៈដែលខ្លួនប្រកាន់ជំហរដ៏តឹងរ៉ឹងប្រឆាំងនឹងកូរ៉េខាងជើង។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

នៅក្នុងសន្ទរកថានៅឯមូលដ្ឋានអាកាសទីក្រុងសេអ៊ូល លោកប្រធានាធិបតី Yoon Suk Yeol បានធ្វើការព្រមានលើការប្រើប្រាស់អាវុធនុយក្លេអ៊ែររបស់ទីក្រុងព្យុងយ៉ាង ហើយបានសន្យាថានឹងបង្កើនការគាំទ្រលើវិស័យយោធា និងឧស្សាហកម្មការពារជាតិរបស់ខ្លួនបន្ថែមទៀត។

ប្រធានាធិបតីរូបនេះបានបន្ថែមថា ប្រសិនបើកូរ៉េខាងជើងហ៊ានប្រើប្រាស់អាវុធនុយក្លេអ៊ែរនោះ  របបរបស់ខ្លួននឹងត្រូវបញ្ចប់ដោយការឆ្លើយតបយ៉ាងចាស់ដៃភ្លាមៗ ពីសម្ព័ន្ធមិត្តកូរ៉េខាងត្បូង និងសហរដ្ឋអាមេរិក។

ជាមួយគ្នា ក្រសួងការពារជាតិបានបញ្ជាក់ថា ព្រឹត្តិការណ៍ពេញមួយថ្ងៃនេះ គឺមានការចូលរួមពីទាហានរាប់ពាន់នាក់ គួបផ្សំរថក្រោះផលិតក្នុងស្រុក និងកាំភ្លើងធំ ក៏ដូចជាមានការចូលរួមដោយសំណាក់ទាហានអាមេរិកប្រមាណ ៣០០នាក់ផងដែរ។

គួររម្លឹកផងថា កូរ៉េខាងត្បូង ធ្លាប់បានរៀបចំក្បួនព្យុហយាត្រាយោធាតាមផ្លូវចុងក្រោយ កាលពីឆ្នាំ២០១៣កន្លងទៅ៕