យោងតាមការចុះផ្សាយពីសារព័ត៌មាន CNA បានបង្ហាញថា ធនាគារលំដាប់កំពូល JPMorgan បានព្យាករណ៍ពីកំណើនសេដ្ឋកិច្ចនៅតំបន់អាស៊ីប៉ាស៊ីហ្វិក និងបានចាត់ទុកឥណ្ឌា អូស្ត្រលី និងជប៉ុន ជាប្រទេសមានទីផ្សារជឿនលឿនបំផុតប្រចាំតំបន់មួយនេះ នាឆ្នាំក្រោយ។
ជាមួយគ្នានេះ លោក Filippo Gori នាយកប្រតិបត្តិធនាគារ JPMorgan ប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិក បានប្រាប់ទៅកាន់បណ្ដាញសារព័ត៌មានថា ឥណ្ឌាមានលទ្ធភាពស្រូបទាញក្រុមហ៊ុនធំៗ មកបណ្ដាក់ទុននៅក្នុងប្រទេសខ្លួនបាន តួយ៉ាងដូចជា ក្រុមហ៊ុន Apple បានចាប់ផ្ដើមបោះជំហាននៅក្នុងទីផ្សារឥណ្ឌារួចស្រេច ខណៈ Tesla កំពុងចរចាជាមួយរដ្ឋាភិបាល។
គួររំលឹកដែរថា ឥណ្ឌាគឺជាប្រទេសមានសេដ្ឋកិច្ចធំបំផុតទី៣ នៅតំបន់អាស៊ី ខណៈមានការព្យាករណ៍ថា កំណើនសេដ្ឋកិច្ចអាចឈានដល់ ៦,៥% គិតត្រឹមត្រីមាសទីមួយនាឆ្នាំក្រោយ ស្របពេលបច្ចុប្បន្នពួកគេកំពុងព្យាយាមអូសទាញក្រុមហ៊ុនខ្នាតយក្សមកវិនិយោគជាច្រើន ដោយប្រកាសតាំងពីការលើកលែងពន្ធមួយភាគធំ និងផ្ដល់អត្ថប្រយោជន៍ជាច្រើនទៀត៕