កាលពីថ្ងៃទី២៦ ខែកញ្ញា សារព័ត៌មាន Reuters បានរាយការណ៍ថា អ្នកបើកយន្តហោះមួយចំនួន នៃក្រុមហ៊ុនអាកាសចរណ៍វៀតណាម Bamboo Airways បានលាឈប់ពីការងារ ក្រោយក្រុមហ៊ុនហាក់ជួបបញ្ហាហិរញ្ញវត្ថុ ដោយមានការយឺតយ៉ាវក្នុងការបើកប្រាក់ខែជូនពួកគេ រយៈពេល២ខែចុងក្រោយ។
ក្នុងអំឡុងពេលនោះ អ្នកបើកយន្តហោះប្រមាណ ៣០នាក់ ដែលជាជនជាតិបរទេសបានលាឈប់ពីការងារ ខណៈចំនួននេះគឺច្រើនជាង ១០% នៃចំនួនអ្នកបើកយន្តហោះទាំងអស់ប្រចាំក្រុមហ៊ុន។
ក្រុមបុគ្គលិកជាច្រើននាក់នៅក្រុមហ៊ុន Bamboo Airways តែងតែជួបប្រទះនូវផលវិបាក ពោលកម្រទទួលបានប្រាក់ខែទៀងទាត់ណាស់ ហើយថ្មីៗនេះបញ្ហាបានកើតលើជនបរទេស ដែលជាអ្នកបើកយន្តហោះ ដែលធ្វើឲ្យពួកគេសម្រេចចិត្តលាឈប់ពីក្រុមហ៊ុនតែម្ដង។
សូមជម្រាបដែរថា នាយកប្រតិបត្តិក្រុមហ៊ុនអាកាសចរណ៍មួយនេះ គឺលោក Nguyen Ngoc Trong ធ្លាប់បានប្រាប់ទៅកាន់ក្រុមបុគ្គលិកថា បច្ចុប្បន្នក្រុមហ៊ុនកំពុងជួបប្រទះផលលំបាក និងសុំចិត្តគ្រប់គ្នាតស៊ូទាំងអស់គ្នា ជាមួយក្រុមហ៊ុនបន្តិចទៀត ព្រោះថារដ្ឋាភិបាលក៏កំពុងព្យាយាមរកដំណោះស្រាយ ដើម្បីទ្រទ្រង់ដល់ក្រុមហ៊ុនមួយនេះផងដែរ៕