ប្រធានសភាកាណាដា លោក Anthony Rota កាលពីថ្ងៃអង្គារ ទី២៦ ខែកញ្ញា បានប្រកាសថា លោកនឹងលាលែងពីតំណែង ពោលគឺត្រឹមតែរយ:ពេល ពីរទៅបីថ្ងៃប៉ុណ្ណោះ បន្ទាប់ពីលោកបានធ្វើការសរសើរជាសាធារណ:ចំពោះអតីតទាហានរបស់ណាស៊ី នៅក្នុងសភា។
បើតាមការចុះផ្សាយពីសារព័ត៌មាន Reuters បានបង្ហាញថា លោក Rota បានប្រាប់សមាជិកសភាថា លោកបានធ្វើខុស ដោយបានអញ្ជើញអតីតទាហានអ៊ុយក្រែន លោក Yaroslav Hunka បច្ចុប្បន្នវ័យ ៩៨ឆ្នាំ ឱ្យចូលរួមសម័យប្រជុំមួយ នៅក្នុងសភា ដើម្បីជាផ្តល់កិត្តិយសដល់ប្រធានាធិបតីអ៊ុយក្រែន Volodymyr Zelenskyy ដែលបានមកបំពេញទស្សនកិច្ចកាលពីថ្ងៃសុក្រសប្តាហ៍មុន ខណ:លោក Rota ព្រមទាំងបានទទួលស្គាល់ Hunka ជាសាធារណៈ ដោយហៅគាត់ថាជាវីរបុរស ថែមទៀត។
យ៉ាងណាក៏ដោយ បន្ទាប់ពីមានការលើកឡើងបែបនេះ អង្គការសិទ្ធិមនុស្ស និងជនជាតិជ្វីហ្វជាច្រើននាក់ បានធ្វើថ្កោលទោសយ៉ាងខ្លាំង ដោយនិយាយថាលោក Hunka ធ្លាប់បានបម្រើការនៅក្នុងអង្គភាពយោធាណាស៊ី ដែលត្រូវបានស្គាល់ថាជា Waffen SS របស់មេដឹកនាំផ្តាច់ការ Adolf Hitler ក្នុងអំឡុងសង្គ្រាមលោកលើកទីពីរ។
ទន្ទឹមនឹងនេះ លោក Rota ក៏បានទទួលស្គាល់ពីកំហុសរបស់ខ្លួន ដោយនិយាយថា ៖ ” ខ្ញុំសូមទទួលស្គាល់នូវកំហុសនេះជាសាធារណ: ដែលវាបានធ្វើឱ្យមានការឈឺចាប់ដល់បុគ្គល និងរួមទាំងសហគមន៍ជនជាតិជ្វីហ្វនៅកាណាដា និងជុំវិញពិភពលោក។ ខ្ញុំនឹងទទួលខុសត្រូវទាំងស្រុងចំពោះសកម្មភាពរបស់ខ្ញុំ” ។
ជម្រាបជូនផងដែរថា លោក Rota ក៏បានបានសង្កត់ទៀតថា ការប្រកាសលាលែងចេញពីតំណែងរបស់ខ្លួនពីប្រធានសភា នឹងត្រូវចូលជាធរមាននៅថ្ងៃពុធនេះ ហើយបន្ទាប់មកអនុប្រធានសភា នឹងត្រូវឡើងមកកាន់តំណែងជំនួសវិញ ៕