លេខាធិការអចិន្ត្រៃយ៍នៃក្រសួងពាណិជ្ជកម្មថៃ លោក Kirati Rathchano បាននិយាយកាលពីថ្ងៃទី២៦ ខែកញ្ញាថា ការនាំចេញរបស់ប្រទេសខ្លួន នៅក្នុងខែសីហា បានកើនឡើងជាលើកដំបូង បន្ទាប់ពីបានធ្លាក់ចុះជាបន្តបន្ទាប់អស់រយ:ពេល ១០ ខែជាប់ៗគ្នា។
យោងតាមការចុះផ្សាយពីសារព័ត៌មាន VNA បានបង្ហាញឱ្យដឹងថា ការនាំចេញរបស់ថៃ បានកើនឡើង ២,៦% ដល់ចំនួនប្រហែល ៨២៥ពាន់លានបាត (២៤,២ពាន់លានដុល្លារ) គិតត្រឹមខែសីហា ដែលត្រូវបានគេចាត់ទុកថាជាសញ្ញាដ៏ល្អបំផុតមួយ បន្ទាប់ពីមានការធ្លាក់ចុះអស់រយ:ពេលច្រើនខែកន្លងមកនេះ ។
ក្នុងរយ:ពេល ៨ខែដំបូងនៃឆ្នាំនេះ ការនាំចេញរបស់ប្រទេសថៃ ឈានដល់ចំនួនប្រហែល ៦,៣៨ទ្រីលានបាត (១៨៧,៦ពាន់លានដុល្លារ) ពោលគឺបានធ្លាក់ចុះ ៤,៥% បើធៀបទៅនឹងរយ:ពេលដូចគ្នាកាលពីឆ្នាំមុន ស្របពេលការនាំចូល ក៏បានធ្លាក់ចុះ ៥,៧% មកនៅប្រហែល ៦,៧ទ្រីលានបាត ។
បើតាមលោក Kirati បានបង្ហាញឱ្យដឹងថា ការស្ទុះងើបឡើងវិញនៃការនាំចេញរបស់ប្រទេសថៃ នៅខែសីហា គឺបណ្តាលមកពីការនាំចេញកសិផល ដែលកើនឡើងដល់ ៤,៧% ខណ:នេះគឺជាការកើនឡើងលើកដំបូង នៅក្នុងរយ:ពេល ៤ ខែចុងក្រោយ។
នៅក្នុងខែសីហា ការនាំចេញផលិតផលឧស្សាហកម្មរបស់ប្រទេសថៃ ក៏បានកើនឡើង ២,៥% ជាលើកដំបូងផងដែរ ក្នុងរយៈពេល ៣ខែ ចុងក្រោយ រួមទាំងការនាំចេញរថយន្ត គ្រឿងបន្លាស់ បានកើនឡើង ៥,២% , គ្រឿងអគ្គិសនីកើនឡើង ៣៩,៨% , ម៉ាស៊ីន និងគ្រឿងបន្លាស់កើនឡើង ៦,៤% , ទូរស័ព្ទ និងគ្រឿងបន្លាស់ កើនឡើង ៣៦,៩%, ។
ជម្រាបជូនផងដែរថា ការនាំចេញរបស់ប្រទេសថៃ ទៅកាន់ទីផ្សារសំខាន់ៗរបស់ខ្លួន ក្នុងខែសីហា ដូចជាសហរដ្ឋអាមេរិក បានកើនឡើង ២១,៧% , ប្រទេសជប៉ុន កើនឡើង ១៥,៧% និងប្រទេសចិន កើនឡើង ១,៩% ៕