ចំពោះមុខ UN កូរ៉េខាងជើងថាគ្មានជម្រើស ក្រៅពីពន្លឿនវិស័យការពារជាតិ ដោយសារអាមេរិកបង្ខំ

អន្តរជាតិ

កាលពីថ្ងៃអង្គារម្សិលមិញ បេសកជនអង្គការសហប្រជាជាតិរបស់កូរ៉េខាងជើងបានចោទប្រកាន់ថា សមយុទ្ធយោធារួមគ្នារវាងសហរដ្ឋអាមេរិក និងកូរ៉េខាងត្បូង កំពុងរុញច្រានឲ្យឧបទ្វីបកូរ៉េខិតចូលក្នុងសង្គ្រាមនុយក្លេអ៊ែរ ខណៈប្រទេសរបស់លោកគ្មានជម្រើសអ្វី ក្រៅតែពី​ពន្លឿន​លើការ​បង្កើន​សមត្ថភាព​ការពារជាតិ​​របស់​ខ្លួនបន្ថែមទៀត។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

លោកឯកអគ្គរដ្ឋទូត Kim Son បានថ្លែងនៅក្នុងកិច្ចប្រជុំប្រចាំឆ្នាំនៃមេដឹកនាំពិភពលោករបស់អង្គការសហប្រជាជាតិថា៖ ឆ្នាំ ​២០២៣នេះ អាចចាត់ទុកបានថាជាឆ្នាំដ៏គ្រោះថ្នាក់បំផុត ហើយឧបទ្វីបកូរ៉េកំពុង​ស្ថិតក្នុង​ស្ថានភាព​ដែលអាច​បង្ក​ឱ្យ​មាន​គ្រោះថ្នាក់​នៃ​ការផ្ទុះ​សង្គ្រាម​នុយក្លេអ៊ែរ។

ឯកអគ្គរដ្ឋទូតរូបនេះដដែរ បានប្រាប់ទៅកាន់មហាសន្និបាតដែលមានសមាជិកទាំង ១៩៣ប្រទេសនោះថា ដោយសារកាលៈទេសៈកំពុងតែកើតមាន ទីក្រុងព្យុងយ៉ាងត្រូវការបង្កើនសមត្ថភាពលើវិស័យការពាររបស់ខ្លួនជាបន្ទាន់ ដើម្បីការពារខ្លួនក្នុងករណីដែលអាចទប់ទល់បាន។

មិនត្រឹមតែប៉ុណ្ណោះ ទីក្រុង​ព្យុងយ៉ាងនិយាយ​ថា ខ្លួន​កំពុង​អនុវត្ត​សិទ្ធិ​ការពារ​ខ្លួន​ ក្រោមសកម្មភាព​សាកល្បង​កាំជ្រួច​ផ្លោង​ ក្នងន័យ​ដើម្បី​ការពារ​ដែនអធិបតេយ្យភាព និង​ផលប្រយោជន៍​សន្តិសុខ​ពី​ការ​គំរាមកំហែង​ផ្នែក​យោធា។

ក្នុងនោះប្រទេសចិន និងរុស្ស៊ី បាននិយាយថា សមយុទ្ធយោធារួមគ្នា រវាងសហរដ្ឋអាមេរិក និងកូរ៉េខាងត្បូង ជាសកម្មភាពញុះញង់ទីក្រុងព្យុងយ៉ាង ខណៈទីក្រុងវ៉ាស៊ីនតោន បានចោទប្រកាន់ទីក្រុងប៉េកាំង និងមូស្គូ ពីការគាំទ្រកូរ៉េខាងជើង ដោយលាក់បាំងប្រទេសនេះពីទណ្ឌកម្មបន្ថែមទៀត។

សូមជម្រាបថា កូរ៉េខាងជើង​បាន​សាកល្បង​កាំជ្រួច​ផ្លោង​រាប់សិប​គ្រាប់មកហើយ ​ក្នុង​រយៈពេល​១៨​ខែ​កន្លង​មកនេះ​ ដោយឡែកសហរដ្ឋ​អាមេរិកឯណោះវិញ ​បាន​ព្រមាន​ជា​យូរ​មក​ហើយ​ថា ទីក្រុង​ព្យុងយ៉ាង​បាន​ត្រៀម​ខ្លួនរួច​ជា​ស្រេច ​ក្នុង​ការ​ធ្វើ​តេស្តអនុវត្តអាវុធ​នុយក្លេអ៊ែរ​លើក​ទី​ប្រាំពីរ៕