នាយកប្រតិបត្តិនៃក្រុមហ៊ុនបណ្ដាញសង្គម X គឺអ្នកស្រី Linda Yaccarino បានទម្លាយថា អតីតបណ្ដាញសង្គម Twitter នឹងអាចទទួលបានចំណូលឡើងវិញ នាដើមឆ្នាំ២០២៤ខាងមុខ ខណៈក្រុមហ៊ុនផ្សព្វផ្សាយនានា កំពុងវិលត្រឡប់មកដាក់ពាណិជ្ជកម្មលើបណ្ដាញសង្គមមួយនេះវិញ។
យោងតាមការចុះផ្សាយពីគេហទំព័រ CNA បានបង្ហាញថា ចំនួនអ្នកផ្សព្វផ្សាយពាណិជ្ជកម្មនៅលើបណ្ដាញសង្គម X មានការកើនឡើងប្រហែល ១ ៥០០ ដោយក្នុងនោះ ៩០%នៃចំនួនអតិថិជនកំពូលៗ របស់ក្រុមហ៊ុនក៏បានត្រឡប់មកវិញដែរ។
បើទោះជាអ្នកស្រី Yaccarino អះអាងថា X អាចទទួលបានចំណូលនាដើមឆ្នាំក្រោយមែន ប៉ុន្តែពួកគេក៏អាចប្រឈមនឹងការចោទប្រកាន់ជាច្រើនករណី បន្ទាប់ពីពួកគេខកខានការបង់ប្រាក់លើថ្លៃជួលការិយាល័យ និងប្រាក់ឈ្នួលបុគ្គលិករាប់លានដុល្លារផងដែរ។
សូមជម្រាបដែរថា ចាប់តាំងពីមហាសេដ្ឋីមានបំផុតលើលោក Elon Musk បានទិញយកក្រុមហ៊ុន Twitter រយៈពេលជិតមួយឆ្នាំមកនេះ ក្រុមហ៊ុនមិនដែលរាយការណ៍ពីប្រាក់ចំណេញឡើយ ខណៈមហាសេដ្ឋីអាមេរិក កំពុងរៀបចំរចនាសម្ព័ន្ធក្រុមហ៊ុនឡើងវិញ៕