Hyundai និង Kia ប្រមូលរថយន្តចូលឃ្លាំងវិញជាង ៣លានគ្រឿង ក្រោយមានបញ្ហាបច្ចេកទេស

អន្តរជាតិ

យោងតាមការចុះផ្សាយពីសារព័ត៌មាន Reuters បានបង្ហាញថា ក្រុមហ៊ុនរថយន្ត Hyundai និង Kia បានប្រមែប្រមូលរថយន្តនៅអាមេរិកប្រហែល ៣,៣៧លានគ្រឿង ចូលរោងចក្រវិញ បន្ទាប់ពីរកឃើញបញ្ហាបច្ចេកទេស ដែលអាចបណ្ដាលឲ្យឆាបឆេះបាន។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ក្រុមហ៊ុនរថយន្តខាងលើបានរកឃើញថា ប្រេងហ្វ្រាំងនៅក្នុងរថយន្តបានលេច ដែលអាចធ្វើឲ្យ​ឆាបឆេះរថយន្ត នៅពេលដែលបញ្ឆេះ និងបានសំណូមពរឲ្យអតិជនចតឡាននៅក្រៅផ្ទះ រង់ចាំ​ក្រុមការងារទៅជួសជុលដល់ផ្ទះ។

គួររំលឹកដែរថា Hyundai ទទួលបានរបាយការណ៍ពីករណីឆេះរថយន្ត ២១ករណី និង​ឧបទ្ទវហេតុ ២១ករណីផ្សេងទៀត ស្របពេលក្រុមហ៊ុន Kia ក៏ទទួលបានសេចក្ដីរាយការណ៍ទាក់ទង​នឹងករណីឆេះរថយន្ត យ៉ាងតិច ១០ករណីផងដែរ។

ជម្រាបបន្ថែមថា រថយន្តដែល Kia ប្រមែប្រមូលមកវិញនោះគឺមានម៉ូដែល Borrego, Cadenza, Forte, Sportage, K900, Optima, Soul Rio, Sorento និង Rondo សេរីពីឆ្នាំ២០១០ ដល់២០១៧ សរុបប្រហែល ១,៧៣លានគ្រឿង។

ដោយឡែក រថយន្តដែល Hyundai កំពុងប្រមូលមកវិញគឺមានដូចជា Elantra, Genesis Coupe, Sonata Hybrid, Accent, Azera, Veloster, Santa Fe, Equus, Veracruz, Tucson, Tucson Fuel Cell និង Santa Fe Sport សេរីពីឆ្នាំ២០១១ ដល់២០១៥ សរុប ១,៦៤លានគ្រឿង៕