នាយករដ្ឋមន្ត្រីថៃ ប្រកាសមិនយកប្រាក់ខែ ដោយបរិច្ចាគទៅឱ្យអង្គការសប្បុរសធម៌ជំនួស

អន្តរជាតិ

អ្នកនាំពាក្យរដ្ឋាភិបាលថៃ លោក Chai Wacharonke បាននិយាយនៅថ្ងៃព្រហស្បតិ៍នេះថា នាយករដ្ឋមន្ត្រី លោក Srettha Thavisin បានប្តេជ្ញាមិនទទួលយកប្រាក់ខែរបស់ខ្លួននោះឡើយ ដោយនឹងបរិច្ចាគទាំងអស់ ទៅឱ្យមូលនិធិផ្សេងៗ នៅក្នុងប្រទេសថៃ ជំនួសវិញ។ នេះបើតាមការចុះផ្សាយពីកាសែត Bangkok Post ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

លោក Chai បាននិយាយបន្ថែមទៀតថា នាយករដ្ឋមន្ត្រីថ្មីរូបនេះ ចង់ធ្វើឱ្យឃើញថា ការបរិច្ចាគនេះ គឺត្រូវចាប់ផ្តើមចេញពីខ្លួនលោក ស្របពេលរដ្ឋាភិបាល បាននិងកំពុងចាប់ផ្តើមអនុវត្តគោលនយោបាយជាច្រើន ដើម្បីបង្កើតឱកាស លើកកម្ពស់សុខុមាលភាពប្រជាជន ក៏ដូចជាកាត់បន្ថយគម្លាតនៅក្នុងសង្គម និងគាំទ្រដល់ការអប់រំរបស់កុមារ ផងដែរ ។

គួរឱ្យដឹងថា ប្រាក់ចំណូលប្រចាំខែរួមរបស់លោក Srettha នៅក្នុងឋាន:ជានាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីហិរញ្ញវត្ថុ មានចំនួនសរុប ១២៥ ៥៩០បាត (រួមទាំងប្រាក់បៀវត្សរ៍ ៧៥ ៥៩០បាត និងប្រាក់ឧបត្ថម្ភសម្រាប់មុខតំណែង ៥០,០០០បាត) នឹងត្រូវ​បរិច្ចាគ​តាមរយៈមូលនិធិផ្សេងៗ ដើម្បីជួយអ្នកខ្វះខាត។

លោក Chai បានបញ្ជាក់ទៀតថា ក្រុមការងារថ្មីមួយ នឹងត្រូវបង្កើតឡើង ដើម្បីបែងចែកមូលនិធិរបស់នាយករដ្ឋមន្ត្រីនេះ តាមលំដាប់លំដោយអាទិភាព ដោយមូលនិធិកុមារ នឹងជាអ្នកទទួលបានដំបូងគេ ។

អ្នកនាំពាក្យរូបនេះ ក៏បាននិយាយថា ក្រៅតែពីការបរិច្ចាគ លោកនាយករដ្ឋមន្ត្រី ក៏នឹងព្យាយាមជួបជាមួយមូលនិធិសប្បុរសធម៌ផ្សេងៗ ដើម្បីស្តាប់បញ្ហារបស់ពួកគេ និងស្វែងរកដំណោះស្រាយផងដែរ ៕