នាយករដ្ឋមន្ត្រីថៃ លោក Srettha Thavisin បាននិយាយនាថ្ងៃសុក្រសប្ដាហ៍នេះថា រដ្ឋាភិបាលរបស់លោក កំពុងធ្វើការ និងប្ដេជ្ញាចិត្តបង្កើតវិធានការថ្មីៗជាច្រើន ដើម្បីកែប្រែប្រទេសថៃ ឲ្យទៅជាមជ្ឈមណ្ឌលពាណិជ្ជកម្មអន្តរជាតិដ៏ធំមួយ។
យោងតាមការចុះផ្សាយពីសារព័ត៌មាន Kelo បានរាយការណ៍ថា រដ្ឋាភិបាលថៃកំពុងសិក្សាលើវិធានការថ្មីៗដូចជា បង្កើនកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ធ្វើកំណែទម្រង់លើហេដ្ឋារចនាសម្ព័ន្ធ និងទឹក អភិវឌ្ឍន៍អាកាសយានដ្ឋាន ដើម្បីអូសទាញភ្ញៀវទេសចរណ៍ និងវិនិយោគិនបរទេសបន្ថែម។
អតីតអ្នកជំនួញខ្នាតយក្សរូបនេះសង្កត់ធ្ងន់ថា លោកកំពុងព្យាយាមអូសទាញក្រុមហ៊នផលិតរថយន្តអគ្គិសនី មកបណ្ដាក់ទុនក្នុងប្រទេស ប៉ុន្តែក៏មិនដែលចោលក្រុមហ៊ុនផលិតរថយន្តធម្មតា ជាពិសេសគឺក្រុមជប៉ុន ដែលជាវិនិយោគិនធំបំផុតនៅក្នុងវិស័យយានយន្តនៅប្រទេសថៃ។
បន្ថែមពីនោះ នាយករដ្ឋមន្ត្រីថៃក៏បានបញ្ជាក់ថា ការពង្រីកខ្លួនលើទីផ្សារសម្រាប់កសិផល និងជួយដោះស្រាយបញ្ហាបំណុលរបស់កសិករ នៅតែជាបញ្ហាចំបងរបស់រដ្ឋាភិបាល ដ្បិតមកទល់នឹងពេលនេះ មិនទាន់មានគោលនយោបាយណាដែលអាចធានាបានពីតម្លៃថេរនៃផលិតផលទាំងនោះនៅឡើយ៕