កាលពីថ្ងៃទី២៨ ខែកញ្ញានេះ រដ្ឋាភិបាលរុស្ស៊ីបាននិយាយថា ពួកគេមានបំណងបង្កើនការចំណាយនៅក្នុងវិស័យការពារជាតិ នាឆ្នាំ២០២៤ ប្រមាណ ៧០% បើធៀបនឹងឆ្នាំនេះ ប្រមាណជាង ១០០ពាន់លានដុល្លារ ដើម្បីទប់ទល់ការធ្វើសង្គ្រាមជាមួយអ៊ុយក្រែន។
ក្រសួងហិរញ្ញវត្ថុបានទម្លាយឲ្យដឹងថា ការចំណាយនៅក្នុងវិស័យការពារជាតិ អាចនឹងឡើងខ្ពស់ជាង ៦៨% នាឆ្នាំក្រោយ ឬប្រមាណ ១០,៨ទ្រីលានរ៊ូបល (១១១,១៥ពាន់លានដុល្លារ)។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន TheMoscowTimes។
ជាមួយគ្នានេះ ទីភ្នាក់ងារសារព័ត៌មាន AFP បានទម្លាយថា ការចំណាយលើវិស័យការពារជាតិរុស្ស៊ីក្នុងឆ្នាំ២០២៤ គឺមានចំនួនច្រើនជាងការចំណាយរួមគ្នានៅក្នុងវិស័យអប់រំ ការថែទាំសុខភាព និងបរិស្ថាន ដល់ទៅ ៣ដងឯណោះ។
សូមជម្រាបដែរថា រុស្ស៊ីបានហៅសង្គ្រាមនៅអ៊ុយក្រែនជា “សង្គ្រាមកូនកាត់” បន្ទាប់ពីមានការលូកដៃពីក្រុមប្រទេសលោកខាងលិច ខណៈគិតមកទល់ពេលនេះ វាបានអូសបន្លាយចូលដល់ខែទី២០ នៃការផ្ទុះសង្គ្រាមហើយ៕