ការជួញដូរហ៊ុនរបស់ China Evergrande ត្រូវបានផ្អាក ក្រោយម្ចាស់ក្រុមហ៊ុនត្រូវបានឃាត់ខ្លួន

អន្តរជាតិ

ការជួញដូរភាគហ៊ុនរបស់ក្រុមហ៊ុន China Evergrande ត្រូវបានផ្អាក កាលពីថ្ងៃព្រហស្បតិ៍ បន្ទាប់ពីមានរបាយការណ៍ថា ប្រធានក្រុមហ៊ុនរបស់ខ្លួន កំពុងស្ថិតនៅក្រោមការឃ្លាំមើលពីក្រុមប៉ូលិស យ៉ាងយកចិត្តទុកដាក់ជាទីបំផុត។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ការជួញដូរភាគហ៊ុន ដែលបានចុះនៅក្នុងបញ្ជីទីផ្សារហ៊ុននៅហុងកុង រួមទាំងសេវាកម្មអចលនទ្រព្យ និងអង្គភាពរថយន្តអគ្គិសនី ត្រូវបានផ្អាកទាំងស្រុង កាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញ ពោលគឺបន្ទាប់ពី Evergrande ទើបតែបានចាប់ផ្តើមបន្តការជួញដូរហ៊ុនរបស់ខ្លួនឡើងវិញប៉ុណ្ណោះ កាលពីនៅចុងខែសីហាកន្លងទៅ បន្ទាប់ពីផ្អាករយៈពេល ១៧ខែ។

ជុំវិញការផ្អាកនេះ បានកើតឡើង បន្ទាប់ពីសារព័ត៌មាន Bloomberg កាលពីថ្ងៃពុធ បានរាយការណ៍ថា លោក Hui Ka Yan ដែលជាស្ថាបនិកក្រុមហ៊ុន Evergrande ត្រូវបានប៉ូលិសចិនធ្វើការឃាត់ខ្លួនកាលពីដើមខែនេះ ហើយកំពុងត្រូវបានតាមដាន នៅទីតាំងសំងាត់មួយ។

ប្រភពដដែលនេះ បាននិយាយទៀត​ថា​ រហូតមកដល់ពេលនេះ មិនទាន់មានព័ត៌មានជាក់លាក់ណាមួយ បញ្ជាក់ពីការឃាត់ខ្លួនរបស់មហាសេដ្ឋី​ចិនម្នាក់នេះឡើយ ដោយគ្រាន់តែដឹងថា មេធំ Evergrande កំពុងស្ថិតក្រោមការតាមដាន​ពីក្រុមប៉ូលិសប៉ុណ្ណោះ។

សូមជម្រាបដែរថា កន្លងមករដ្ឋាភិបាលចិនធ្លាប់បន្ទោសលោក Hui ដែលធ្វើឲ្យវិស័យអចលនទ្រព្យនៅចិនធ្លាក់ក្នុងរណ្ដៅ ខណ:នៅសប្តាហ៍នេះ ក្រុមហ៊ុន Evergrande ក៏បានចេញមុខបញ្ជាក់ថាមិនមានលទ្ធភាពក្នុងការសងបំណុលថ្មីបាននោះឡើយ ដោយសារតែមានការស៊ើបអង្កេតទ្រង់ទ្រាយធំមកលើក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ខ្លួន ដែលជាហេតុធ្វើឱ្យមានភាពស្មុគស្មាញកាន់តែខ្លាំង ដល់ផែនការរៀបចំរចនាសម្ព័ន្ធឡើងវិញ ដែលត្រូវបានស្នើឡើងនាពេលកន្លងមក៕