រដ្ឋាភិបាលឥណ្ឌូនេស៊ី ក្នុងពេលថ្មីៗនេះ បានធ្វើការហាមឃាត់ការលក់ទំនិញនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមនានា ក្នុងគោលបំណងដើម្បីទប់ស្កាត់ការលក់នៅលើអនឡាញរបស់ក្រុមហ៊ុនបច្ចេកវិទ្យាធំៗ ដែលត្រូវបានជឿជាក់ថា នឹងធ្វើឱ្យប៉ះពាល់ដល់អាជីវកម្មខ្នាតតូចរាប់លាន នៅក្នុងប្រទេស។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន VNA ។
អាជ្ញាធរឥណ្ឌូនេស៊ី បានអំពាវនាវឱ្យមានការអនុម័តទៅលើច្បាប់ថ្មី ដើម្បីបង្កើនការគ្រប់គ្រងទៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម និងពាណិជ្ជកម្មអេឡិចត្រូនិក ដោយសារតែបានមើលឃើញថា អ្នកលក់នៅក្រៅបណ្តាញ កំពុងទទួលរងការគំរាមកំហែងទៅដល់អាជីវកម្មរបស់ពួកគេ ព្រោះការលក់ផលិតផល នៅលើបណ្តញសង្គមធំៗដូចជា TikTok Shop និងផ្សេងទៀត មានតម្លៃថោកជាង។
ដោយថ្លែងនៅក្នុងសន្និសីទសារព័ត៌មាន កាលពីថ្ងៃទី២៧ ខែកញ្ញា រដ្ឋមន្ត្រីពាណិជ្ជកម្ម លោក Zulkifli Hasan បាននិយាយថា ច្បាប់ថ្មីនេះ បានចាប់ផ្តើមចូលជាធរមានរួចរាល់ហើយ ដោយគ្រប់ប្រព័ន្ធផ្សព្វផ្សាយសង្គមនៅក្នុងប្រទេសឥណ្ឌូនេស៊ីទាំងអស់ នឹងមានពេលមួយសប្តាហ៍ ដើម្បីអនុវត្តតាមច្បាប់ថ្មីនេះ ។
លោក Hasan ក៏បានបញ្ជាក់បន្ថែមទៀតផងដែរថា ចំពោះច្បាប់ថ្មីនេះ មានន័យថាក្រុមហ៊ុនប្រព័ន្ធផ្សព្វផ្សាយសង្គម នឹងមិនអាចដាក់លក់ទំនិញលើអនឡាញដោយផ្ទាល់បាននោះឡើយ ប៉ុន្តែពួកគេនៅតែអាចធ្វើការផ្សព្វផ្សាយផលិតផល នៅលើវេទិការរបស់ខ្លួនបាន៕