៩ខែមកនេះ វៀតណាមទទួលបានភ្ញៀវទេសចរបរទេសជិត ៩លាននាក់

អន្តរជាតិ

បើតាមប្រភពពីសារព័ត៌មាន VN Express បានចុះផ្សាយថា ប្រទេសវៀតណាមបានទទួលស្វាគមន៍ការមកដល់ពីភ្ញៀវទេសចរអន្តរជាតិប្រមាណ ៨,៩លាននាក់ នៅក្នុងរយៈពេល ៩ខែដំបូងនៅឆ្នាំ ២០២៣នេះ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

តាមការដកស្រង់ចេញពីរបាយការណ៍របស់ការិយាល័យស្ថិតិទូទៅនៅថ្ងៃសុក្រ ទី២៩ ខែកញ្ញា បានបង្ហាញពីចំនួនតួលេខក្នុងរយៈពេល ៩ខែមកនេះ កើនឡើង ៤,៧ដង បើធៀបនឹងឆ្នាំទៅ ប៉ុន្តែបើធៀបនឹងមុនពេលមានជំងឺរាតត្បាតកូវីដ១៩ វាស្មើតែ ៦៩%ប៉ុណ្ណោះនៃចំនួនភ្ញៀវទេសចរដែលមកកម្សាន្តនៅវៀតណាម។

វៀតណាមបានធ្វើការកត់សម្គាល់ថា ភ្ញៀវទេសចរកូរ៉េខាងត្បូងជាប្រទេសដែលមានប្រជាជនមកកម្សាន្តច្រើនជាងគេបង្អស់ក្នុងប្រទេសរបស់ខ្លួនដោយមានជាង ២,៥លាននាក់ ខណៈចិនត្រឹមឈរលេខពីរមានចំនួន ១,១លាននាក់។

ក្នុងនោះ អ្នកទេសចរមកពីតៃវ៉ាន់មានចំនួន ៥៧៥០០០នាក់ នាំមុខអាមេរិកដែលមានត្រឹមតែ ៥៤៨០០០នាក់ ស្របពេលជប៉ុនក៏ជាប់ចំណាត់ថ្នាក់ទី៥ផងដែរ ដោយមានចំនួនអ្នកទេសចរមកលេងវៀតណាមប្រមាណ ៤១៤០០០នាក់ នារយៈពេល ៩ខែដំបូងមកនេះ។

តាមបណ្តាប្រទេសនៅតំបន់អាស៊ីអាគ្នេយ៍ ក៏ដូចជាប្រទេសវៀតណាម បានសម្រុកប្រកួតប្រជែងលើវិស័យទេសចរណ៍អន្តរជាតិជាខ្លាំង ដោយបានដាក់ចេញនូវគោលនយោបាយបន្ធូរបន្ថយលើទិដ្ឋាការ ក៏ដូចជាជំរុញយុទ្ធនាការផ្សព្វផ្សាយពីឧស្សាហកម្មគ្មានផ្សែងរបស់ពួកគេផងដែរ។

រម្លឹកបន្តិចកាលពីឆ្នាំ ២០១៩ ប្រទេសវៀតណាម បានស្វាគមន៍ភ្ញៀវទេសចរបរទេសប្រមាណ ១៨លាននាក់ និងទាញបានប្រាក់ចំណូលពីវិស័យទេសចរណ៍ដល់ទៅ ៣០ពាន់លានដុល្លារឯណោះ៕