សេដ្ឋីនីអចលនទ្រព្យមួយរូប ត្រូវបានគេទម្លាយថាឆបោកមនុស្សជាង២ម៉ឺននាក់ បានលុយជាង៣៧០លានដុល្លារ

អន្តរជាតិ

អគ្គនាយិកាក្រុមហ៊ុនអចលនទ្រព្យវៀតណាម Nhat Nam Group អ្នកស្រី Vu Thi Thuy ត្រូវបាន​គេរាយការណ៍មកថា បានឆបោកមនុស្សជាង ២ម៉ឺននាក់ ពីគម្រោងអចលនទ្រព្យខ្យល់ និងទទួលបានទឹកប្រាក់ប្រមាណ ៩ទ្រីលានដុង ឬប្រហែល ៣៧០,៣លានដុល្លារ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន VNExpress។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ជាមួយគ្នានេះ លោក To An Xo អ្នកនាំពាក្យក្រសួងសន្តិសុខសាធារណៈ បាននិយាយកាលពីថ្ងៃ​សៅរ៍ថា ទឹកប្រាក់ដែលត្រូវបានគេឆបោកនោះ គឺបានតាមរយៈការចុះកុងត្រាពាណិជ្ជកម្ម​ប្រមាណ ៤៥ ៥២៥កន្លែង ចន្លោះពីឆ្នាំ២០២០ ដល់២០២២ ខណៈអ្នកស្រី Thuy បានប្រើប្រាស់​ទឹកប្រាក់ប្រហែល ២៦លានដុល្លារ ដើម្បីផលប្រយោជន៍ផ្ទាល់ខ្លួន។

អំឡុងពេលបើកការស៊ើបអង្កេតក្នុងករណីមួយនេះ វិនិយោគិនប្រមាណ ១១០នាក់បានចូលរួមសហការ និងបានប្រាប់អាជ្ញាធរវៀតណាមថា ពួកគេចាញ់បោក​អគ្គនាយិកាក្រុមហ៊ុន Nham Nam Group ប្រហែល ៥,៦លានដុល្លារ។

សូមជម្រាបដែរថា គម្រោងអចលនទ្រព្យរបស់ក្រុមហ៊ុនវៀតណាម ដែលអះអាងថាមាននៅខេត្ត Hoa Binh និងខេត្ត Binh Thuan គឺសុទ្ធតែជាការបោកប្រាស់ ពោលមិនមានអចលនទ្រព្យរបស់​ក្រុមហ៊ុនមួយនេះ នៅក្នុងខេត្តទាំងនោះ ដូចជាការផ្សព្វផ្សាយនាពេលកន្លងឡើយ។

គួររំលឹកបន្ថែមថា អ្នកស្រី Vu Thi Thuy ត្រូវបានប៉ូលិសឃាត់ខ្លួនកាលពីថ្ងៃទី០៨ ខែកញ្ញាកន្លងទៅ បន្ទាប់ពីមានការចោទប្រកាន់ថា អ្នកស្រីទទួលបានអចលនទ្រព្យ ដោយសារការឆបោក៕