ក្រុមហ៊ុនអាកាសចរណ៍ China Eastern Airlines បាននិយាយនៅក្នុងពេលថ្មីៗនេះថា ខ្លួននឹងបញ្ជាទិញយន្តហោះ C919 ចំនួន ១០០ គ្រឿង ក្នុងកិច្ចព្រមព្រៀង ដែលមានតម្លៃរហូតដល់ទៅ ១០ពាន់លានដុល្លារ។
បើតាមការចុះផ្សាយពីសារព័ត៌មាន CNN បានបង្ហាញឱ្យដឹងថា កិច្ចព្រមព្រៀងនេះ នឹងក្លាយជាការបញ្ជាទិញដ៏ធំបំផុតមិនធ្លាប់មាន សម្រាប់យន្តហោះដែលផលិតឡើងដោយក្រុមហ៊ុនសាជីវកម្មយន្តហោះពាណិជ្ជកម្មចិន (COMAC) ។
ក្រុមហ៊ុន China Eastern Airlines បាននិយាយថា ពួកគេទទួលបានការបញ្ចុះតម្លៃយ៉ាងច្រើន សម្រាប់កិច្ចព្រមព្រៀងនេះ ហើយយន្តហោះ ដែលខ្លួនបានបញ្ជាទិញនោះ នឹងបញ្ជូនមកដល់ក្រុមហ៊ុន នៅចន្លោះឆ្នាំ ២០២៤ ដល់ឆ្នាំ ២០៣១។
យន្តហោះ C919 មានតម្លៃក្នុងបញ្ជី ៩៩លានដុល្លារ ប៉ុន្តែវាត្រូវបានសាជីវកម្មយន្តហោះពាណិជ្ជកម្មចិន លក់បញ្ចុះតម្លៃរហូតដល់ទៅ ៥០% ឯណោះ ជាពិសេសសម្រាប់មូដែលថ្មីៗ ។
ជម្រាបជូនផងដែរថា កិច្ចព្រមព្រៀងនេះ បានកើតឡើងត្រឹមតែរយ:ពេល ៥ខែប៉ុណ្ណោះ បន្ទាប់ពីយន្តហោះដឹកអ្នកដំណើររបស់ចិន ដែលត្រូវបានផលិតដោយក្រុមហ៊ុនរដ្ឋ COMAC បានធ្វើការហោះហើរជាលើកដំបូងដោយជោគជ័យ កាលពីក្នុងខែឧសភា ជាមួយនឹងក្រុមហ៊ុន China Eastern ៕