រដ្ឋាភិបាលឡាវ នឹងធ្វើការរឹតបន្តឹងទៅលើការជីកយកធនធានរ៉ែកម្ររបស់ខ្លួន

អន្តរជាតិ

ថ្មីៗនេះ នាយករដ្ឋមន្រ្តីឡាវ លោក Sonexay Siphandone បានធ្វើការណែនាំដល់ភ្នាក់ងារពាក់ព័ន្ធទាំងអស់ ឱ្យពន្លឿនការរឹតបន្តឹងបន្ថែមទៅលើសកម្មភាពជីកយករ៉ែកម្រ និងរ៉ែផ្សេងទៀត ដើម្បីធានាបាននូវការគ្រប់គ្រងត្រឹមត្រូវ សម្រាប់ប្រតិបត្តិការរុករករ៉ែក្នុងប្រទេស។ នេះបើយោងតាមសារព័ត៌មាន Vientiane Times ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ថ្លែងនៅក្នុងកិច្ចប្រជុំគណ:រដ្ឋមន្ត្រីប្រចាំខែ ដែលរៀបចំធ្វើឡើង នៅទីក្រុង​វៀងចន្ទន៍ ពីថ្ងៃទី២៨ ដល់ទី ២៩ ខែកញ្ញាកន្លងទៅ លោក Sonexay បានលើកឡើងពីសារ:សំខាន់នៃធនធានរ៉ែកម្ររបស់ខ្លួន សម្រាប់សេដ្ឋកិច្ចប្រទេសឡាវទាំងមូល។

​​ លោក Sonexay បានបន្តទៀតថា ដោយសារតែរ៉ែកម្រ មានតម្រូវការខ្ពស់នៅទូទាំងពិភពលោក ដូច្នេះវាចាំបាច់ខ្លាំងសម្រាប់រដ្ឋាភិបាល ក្នុងការធានាបានថា ប្រទេសឡាវ ទទួលបានអត្ថប្រយោជន៍ពេញលេញពីការជីកយករ៉ែកម្ររបស់ខ្លួនមកប្រើប្រាស់។

ក្នុងរយ:ពេលប៉ុន្មានខែថ្មីៗនេះ សមាជិករដ្ឋសភាបានសម្តែងការព្រួយបារម្ភខ្លាំងពីប្រតិបត្តិការរុករករ៉ែ នៅក្នុងប្រទេស ដោយនិយាយថា ការនាំចេញលោហ:ធាតុមានតម្លៃ និងរ៉ែផ្សេងទៀត ដែលគ្រប់គ្រងមិនបានត្រឹមត្រូវ ធ្វើឱ្យមានការខាតបង់យ៉ាងធ្ងន់ធ្ងរចំពោះផ្នែកហិរញ្ញវត្ថុ ។

ជុំវិញបញ្ហានេះ សមាជិករដ្ឋសភាបានជំរុញឱ្យរដ្ឋាភិបាល បង្កើត​មន្ទីរ​ពិសោធន៍​ ដើម្បីធ្វើការវិភាគប្រភេទរ៉ែនីមួយៗ ដែលបានរកឃើញនៅក្នុងប្រទេស ដោយសង្កត់ធ្ងន់ថា ការដាក់ចេញវិធានការត្រួតពិនិត្យយ៉ាងតឹងរ៉ឹង និងកិច្ចសហប្រតិបត្តិការកាន់តែជិតស្និទ្ធក្នុងប្រតិបត្តិការរុករករ៉ែ នឹងជួយឱ្យរដ្ឋាភិបាល ប្រមូលបានប្រាក់ចំណូលកាន់តែច្រើនពីក្រុមហ៊ុនរុករក និងធានាបានថា ធនធាននរ៉ែ ត្រូវបានគ្រប់គ្រងឱ្យកាន់តែប្រសើរឡើង។

ជម្រាបជូនផងដែរថា ធនធានរ៉ែកម្ររបស់ប្រទេសឡាវ ត្រូវបានគេប៉ាន់ស្មានថាមានទំហំធំ ដោយប្រទេសនេះ បានចុះកិច្ចសន្យារុករករ៉ែ ជាមួយក្រុមហ៊ុនចំនួន១៨ ក្នុងគម្រោងសរុបចំនួន១៨ គម្រោង៕