ក្រុមហ៊ុនផលិតគ្រឿងអេឡិចត្រូនិករបស់កូរ៉េខាងត្បូង Hana Micron គ្រោងនឹងបោះទុនវិនិយោគតម្លៃ ១ពាន់លានដុល្លារនៅវៀតណាមត្រឹមឆ្នាំ ២០២៥ខាងមុខ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន VN Express ។
ក្រុមហ៊ុនដែលមានឯកទេសក្នុងការផលិតបន្ទះឈីប និងអង្គចងចាំមួយនេះបាននិយាយថា ខ្លួនកំពុងដំឡើងឧបករណ៍និងម៉ាស៊ីនផលិតកម្មនៅក្នុងរោងចក្រថ្មីទីពីររបស់ខ្លួន នាខេត្ត Bac Giang ភាគខាងជើងនៃប្រទេសវៀតណាម។
រោងចក្រថ្មីនេះត្រូវបានចាប់ផ្តើមសាងសង់លើផ្ទៃក្រឡាប្រមាណ ៦ហិកតា ដោយផ្តល់ឱកាសការងារដល់កម្មករចំនួន ៤០០០នាក់ ខណៈក្រុមហ៊ុន Hana រំពឹងថាត្រឹមឆ្នាំ ២០២៥ខាងមុខ រោងចក្រនឹងទាញប្រាក់ចំណូលអោយបាន ៨០០លានដុល្លារជាប្រចាំឆ្នាំ។
សូមជម្រាបថា បច្ចុបន្ននេះប្រទេសវៀតណាមមានក្រុមហ៊ុនរកស៊ីលើវិស័យឧស្សាហកម្មផលិតបន្ទះឈីបចំនួន ៤០ក្រុមហ៊ុនឯណោះ ដោយក្នុងនោះ ៣៨ក្រុមហ៊ុនជាកម្មសិទ្ធិរបស់បរទេស៕