អត្រាលក់រថយន្តនៅរុស្ស៊ីកើនឡើងខ្លាំង ស្របពេលក្រុមហ៊ុនចិនដណ្ដើមបានទីផ្សារយ៉ាងឆាប់រហ័ស

អន្តរជាតិ

បើតាមទីភ្នាក់ងារសារព័ត៌មាន Autostat បានចុះផ្សាយកាលពីថ្ងៃពុធថា ការលក់រថយន្តនៅក្នុងប្រទេសរុស្ស៊ីបានកើនឡើងដល់ទៅ ១៤៨,៦% នៅក្នុងខែកញ្ញាពីមួយឆ្នាំទៅមួយឆ្នាំ ខណៈម៉ាកយីហោរបស់ចិនបានពង្រីកចំណែកទីផ្សាររបស់ពួកគេនៅរុស្ស៊ីបានយ៉ាងឆាប់រហ័ស។ 

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

តាមរយៈទិន្នន័យពីក្រុមហ៊ុនប្រឹក្សា PPK បានឲ្យដឹងថា រថយន្តប្រមាណ ១១០ ៣៥៨ គ្រឿងត្រូវបានលក់ក្នុងខែកញ្ញា បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុនមានត្រឹមតែ ៤៤ ៣៩៨ គ្រឿងប៉ុណ្ណោះ។

ក្នុងនោះសារព័ត៌មាន Reuters បានរាយការណ៍ថា ក្រុមហ៊ុនចិន ក៏កំពុងបង្កើនការលក់នៅក្នុងប្រទេសរុស្ស៊ីបន្ថែមទៀតផងដែរ ខណៈពួកគេនឹងត្រូវធ្វើការដំឡើងរថយន្តនៅរោងចក្ររបស់ក្រុមហ៊ុន Renault និង Nissan ដែលធ្លាប់បានប្រកាសចាកចេញពីប្រទេសរុស្ស៊ីកាលពីពេលកន្លងទៅ។

ឧស្សាហកម្មរថយន្តរបស់រុស្ស៊ី គឺពឹងផ្អែកយ៉ាងខ្លាំងលើការវិនិយោគ បរិក្ខារ និងគ្រឿងបន្លាស់ពីក្រៅប្រទេស មួយវិញទៀតប្រទេសនេះរងការប៉ះពាល់យ៉ាងខ្លាំងពីទណ្ឌកម្មរបស់លោកខាងលិចចំពោះការលុកលុយរបស់ខ្លួនលើអ៊ុយក្រែន ដោយនាំឲ្យការលក់បានធ្លាក់ចុះ ៥៩% ក្នុងឆ្នាំ ២០២២ ខណៈក្រុមហ៊ុនផលិតរថយន្តបរទេសជាច្រើនបានចាកចេញពីប្រទេសមួយនេះ៕