ក្រុមហ៊ុន TikTok បានរងការពិន័យធំសំបើមពីសហភាពអឺរ៉ុប ប្រមាណ ៣៤៥លានអឺរ៉ុប ឬប្រហែលជិត ៣៧០លានដុល្លារ បន្ទាប់ពីទទួលរងការចោទប្រកាន់ថា បានបំពានច្បាប់ឯកជនភាពសំខាន់របស់អឺរ៉ុប។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Forbes។
សេចក្ដីប្រកាសពីការផាកពិន័យលើ TikTok រាប់រយលានដុល្លារ គឺធ្វើឡើងនៅថ្ងៃទី០៥ ខែតុលានេះ ដោយគណៈកម្មការការពារទិន្នន័យអៀរឡង់ ទាក់ទងនឹងការផ្ដល់ទិន្នន័យរបស់អ្នកប្រើប្រាស់ជាកុមារអាយុពី ១៣ឆ្នាំ ដល់១៧ឆ្នាំ។
នេះគឺជាការផាកពិន័យធំបំផុតដែលក្រុមហ៊ុន TikTok ធ្លាប់ជួបប្រទះ ប៉ុន្តែបើនិយាយពីការផាកពិន័យ ក្រុមហ៊ុនចិនមួយនេះជួបច្រើនដងហើយ ពោលកាលពីដើមឆ្នាំនេះ ពួកគេត្រូវបានរដ្ឋាភិបាលអង់គ្លេសផាកពិន័យ ជាទឹកប្រាក់ប្រមាណ ១៦លានដុល្លារ ខណៈរដ្ឋាភិបាលហូឡង់ក៏ធ្លាប់ពិន័យ TikTok ជិតមួយលានដុល្លារដូចគ្នា។
សូមជម្រាបដែរថា TikTok បានដាក់កំហិតហាមមិនឲ្យកុមារមានវ័យក្រោម ១៣ឆ្នាំអាចបង្កើតគណនីផ្ទាល់ខ្លួនឡើយ ហើយកាលពីត្រីមាសទីមួយ នៃឆ្នាំ២០២៣ ក្រុមហ៊ុនខ្នាតយក្សចិនមួយនេះ បានលុបចោលគណនីប្រហែល ១៧លានគណនី ដែលរកឃើញថា មានម្ចាស់ជាកុមារវ័យក្រោម ១៣ឆ្នាំ និងបានលុបចោល ៩១លានវីដេអូ ដែលបានធ្វើខុសពីគោលការណ៍ក្រុមហ៊ុន៕