ប្រធានាធិបតីអ៊ុយក្រែន បង្ហាញវត្តមាននៅទឹកដីអេស្ប៉ាញ ត្រៀមចូលរួមកិច្ចប្រជុំកំពូលមួយ

អន្តរជាតិ

ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskyy បានឱ្យដឹងនៅថ្ងៃព្រហស្បតិ៍ ទី៥ ខែតុលា នេះថា លោកកំពុងស្ថិតនៅទីក្រុង Granada ប្រទេសអេស្ប៉ាញ ដើម្បីចូលរួមកិច្ចប្រជុំកំពូលអឺរ៉ុប ដោយមានការចូលរួមជិត ៥០ ប្រទេស។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន AFP ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

លោក Zelenskyy បានបង្ហោះសារមួយនៅលើបណ្តាញសង្គម X ថា ៖ ” កំពុងស្ថិតនៅទីក្រុង Granada ប្រទេសអេស្ប៉ាញ សម្រាប់កិច្ចប្រជុំកំពូលនៃសហគមន៍នយោបាយអឺរ៉ុប។ យើងនឹងធ្វើការក្នុងទម្រង់រួមគ្នា និងមានកិច្ចប្រជុំទ្វេភាគីសំខាន់ៗ។ គន្លឺះសំខាន់សម្រាប់យើងក្នុងកិច្ចប្រជុំនេះ ជាពិសេសនៅមុនរដូវរងារ គឺដើម្បីពង្រឹងការការពារដែនអាកាស ហើយយើងមានរួចរាល់ហើយ នូវមូលដ្ឋានសម្រាប់ការធ្វើកិច្ចព្រមព្រៀងថ្មីៗ ជាមួយដៃគូរបស់យើង។ យើងកំពុងរៀបចំដើម្បីបញ្ជាក់ឱ្យច្បាស់ និងអនុវត្តវា” ។

គួរឱ្យដឹងថា ដំណើរទស្សនកិច្ចនេះ ត្រូវបានធ្វើឡើង នៅពេលដែល លោក Zelenskyy កំពុងព្យាយាមបញ្ចុះបញ្ចូលសម្ព័ន្ធមិត្តលោកខាងលិច ឱ្យផ្តល់ជំនួយផ្នែកយោធា និងប្រព័ន្ធការពារដែនអាកាសបន្ថែមទៀត មុនពេលអ្វីដែលក្រុមមន្ត្រីបានព្រមានថា អាចនឹងមានការវាយប្រហារកាន់តែខ្លាំង ពីសំណាក់កងទ័ពរុស្ស៊ី នៅក្នុងរដូវរងារ។

បន្ថែមពីនេះ លោក Zelenskyy បានសង្កត់ធ្ងន់ទៀតថា កិច្ចប្រជុំកំពូលនេះ គួរតែផ្តោតការយកចិត្តទុកដាក់ខ្ពស់ ចំពោះបញ្ហានៅតំបន់សមុទ្រខ្មៅ និងធ្វើការរួមគ្នា សម្រាប់សន្តិសុខស្បៀងអាហារសកល និងបង្កើនការការពារសេរីភាពនៃការធ្វើនាវាចរណ៍ បន្ទាប់ពីរុស្ស៊ី បានបង្កើនការវាយប្រហារមកលើកំពង់ផែរបស់អ៊ុយក្រែន ចាប់តាំងពីបានចាកចោលពីកិច្ចព្រមព្រៀង ដែលអនុញ្ញាតឱ្យមានការដឹកជញ្ជូនផលិតផលអ៊ុយក្រែនដោយសុវត្ថិភាព កាត់តាមសមុទ្រខ្មៅ៕