TikTok ដែលជាបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុនខ្នាតយក្សចិន ByteDance កាលពីថ្ងៃទី៤ ខែតុលា បានសម្រេចផ្អាកប្រតិបត្តិការពាណិជ្ជកម្មលើអនឡាញរបស់ខ្លួន នៅឥណ្ឌូនេស៊ី បន្ទាប់ពីរដ្ឋាភិបាលរបស់ប្រទេសនេះ បានដាក់ចេញបម្រាមលើការលក់ទំនិញ នៅតាមបណ្តាញសង្គមនានា កាលពីសប្តាហ៍មុន។
តាមការចុះផ្សាយពីសារព័ត៌មាន VNA បានបង្ហាញឱ្យដឹងថា ការផ្អាករបស់ក្រុមហ៊ុន TikTok គឺបានកើតឡើង បន្ទាប់ពីរដ្ឋាបាលឥណ្ឌូនេស៊ី បានដាក់ចេញនូវបម្រាមថ្មីមួយ ក្នុងគោលបំណងការពារសហគ្រាសធុនតូច និងមធ្យមរាប់លាន ដែលទទួលរងផលប៉ះពាល់ ដោយសារតែការលក់ទំនិញ នៅលើបណ្តាញសង្គម។
នៅក្នងសេចក្តីប្រកាសចុងក្រោយបំផុតមួយរបស់ TikTok Indonesia បានលើកឡើងថា ជុំវិញការផ្អាកប្រតិបត្តិការនេះ គឺជាអាទិភាពរបស់ក្រុមហ៊ុន ដើម្បីរក្សាការអនុលោមតាមច្បាប់ និងបទប្បញ្ញត្តិ នៅក្នុងស្រុក។
ទន្ទឹមនឹងនេះ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មឥណ្ឌូនេស៊ី លោក Zulkifli Hasan បាននិយាយថា អាជ្ញាធរនិយតកម្ម នឹងចេញការព្រមានដល់ក្រុមហ៊ុនបណ្តាញសង្គមណា ដែលមិនអនុវត្តតាមការហាមឃាត់ ចំពោះការលក់ទំនិញដោយផ្ទាល់លើប្រព័ន្ធផ្សព្វផ្សាយសង្គម។ ហើយប្រសិនបើពួកគេនៅតែបំពាន នោះអាជ្ញាប័ណ្ណប្រតិបត្តិការរបស់ពួកគេ នៅក្នុងប្រទេសឥណ្ឌូនេស៊ី នឹងត្រូវដកហូត។
ជម្រាបជូនផងដែរថា ឥណ្ឌូនេស៊ី មានអ្នកប្រើប្រាស់ TikTok ចំនួន ១២៥ លាននាក់ ដែលត្រូវបាចាត់ទុកថាជាទីផ្សារដ៏ធំបំផុតទីពីររបស់បណ្តាញសង្គមខ្នាតយក្សចិនមួយនេះ បន្ទាប់ពីសហរដ្ឋអាមេរិក ៕