ក្រុមហ៊ុនអាហារ និងភេសជ្ជ:ខ្នាតយក្ស Thai Beverage (ThaiBev) របស់ប្រទេសថៃ គ្រោងនឹងចំណាយទឹកប្រាក់ប្រមាណ ៧ពាន់លានបាត (១៨៩លានដុល្លារ) ដើម្បីពង្រីកអាជីវកម្មរបស់ខ្លួន ទាំងនៅក្នុងស្រុក និងនៅក្រៅប្រទេស សម្រាប់ឆ្នាំសារពើពន្ធបច្ចុប្បន្ន។ នេះបើតាមការចុះផ្សាយពីកាសែត Bangkok Post។
លោក Thapana Sirivadhanabhakdi នាយកប្រតិបត្តិក្រុមហ៊ុន បាននិយាយថា ក្នុងនោះទឹកប្រាក់ចំនួន ៤ពាន់លានបាត នឹងត្រូវបែងចែកសម្រាប់ការសាងសង់រោងចក្រផលិតភេសជ្ជៈថ្មីមួយ នៅក្នុងប្រទេសកម្ពុជា ខណ:ទឹកប្រាក់ ៣ពាន់លានបាត ផ្សេងទៀត និងត្រូវយកទៅសាងសង់កន្លែងដឹកជញ្ជូន រោងចក្រជីវឧស្ម័ន និងគំនិតផ្តួចផ្តើមជាយុទ្ធសាស្ត្រផ្សេងៗទៀត ។
លោក Thapana សង្កត់ធ្ងន់ទៀតថា ជាមួយនឹងការងើបឡើងវិញនៃវិស័យទេសចរណ៍ និងឧស្សាហកម្មម្ហូបអាហារ និងភេសជ្ជៈ ក្រុមហ៊ុន ThaiBev បាននិងកំពុងចាត់វិធានការ ដើម្បីពង្រឹងម៉ាកយីហោ និងទីតាំងទីផ្សារ នៅគ្រប់ផ្នែកទាំងអស់នៃអាជីវកម្មរបស់ក្រុមហ៊ុន ដើម្បីបង្កើនការប្រកួតប្រជែង។
លោក Michael Chye Hin Fah ប្រធានផ្នែកផលិតផលស្រាបៀររបស់ក្រុមហ៊ុន ThaiBev បាននិយាយផងដែរថា ក្រុមហ៊ុនរបស់ខ្លួន កំពុងសាងសង់រោងចក្រផលិតស្រាបៀរដំបូង នៅក្នុងប្រទេសកម្ពុជា ដែលគ្រោងនឹងបញ្ចប់ក្នុងរយៈពេលពីរឆ្នាំខាងមុខ។
លោក Michael បានមានប្រសាសន៍ថា ៖ “នេះជាលើកទីមួយហើយ ដែលក្រុមហ៊ុន ThaiBev នឹងសាងសង់រោងចក្រផលិតស្រាបៀរដំបូងរបស់ខ្លួន នៅក្នុងប្រទេសកម្ពុជា ដោយសារតែបានមើលឃើញពីកំណើនទីផ្សារយ៉ាងឆាប់រហ័សរបស់ប្រទេស និងសក្តានុពល ដែលមិនទាន់អាចទាញយកមកប្រើប្រាស់បាន” ៕