កាលពីថ្ងៃទី០៥ ខែតុលាម្សិលមិញនេះ សេតវិមានបានបង្ហើបពីគម្រោងនៃការជួបជជែកទល់មុខគ្នា រវាងប្រធានាធិបតីអាមេរិក លោក ចូ បៃដិន និងមេដឹកនាំកំពូលចិន លោក ស៊ី ជិនពីង នាខែក្រោយ នៅទីក្រុង San Francisco ដែលនឹងក្លាយជាវេទិកាកិច្ចប្រជុំកំពូលកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ីប៉ាស៊ីហ្វិក ហៅកាត់ APEC។
រដ្ឋាភិបាលក្រុងវ៉ាស៊ីងតោនបាននិយាយថា ផែនការនៃជំនួបកំពូលរវាងមេដឹកនាំមហាអំណាចសេដ្ឋកិច្ចទាំង ២ កំពុងត្រូវបានរៀបចំ ខណៈបច្ចុប្បន្នភាគីទាំងសងខាងសុទ្ធតែចង់ចរចា និងផ្សះផ្សារទំនាក់ទំនង ដែលហាក់មិនសូវមានភាពល្អប្រសើរ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន CNA។
គួររំលឹកបន្តិចថា មួយរយៈកាលចុងក្រោយនេះ អាមេរិកហាក់ព្យាយាមផ្សះផ្សារទំនាក់ទំនងមិត្តភាពជាមួយចិនឡើងវិញជាខ្លាំង តួយ៉ាងបានបញ្ជូនឥស្សរជនជាន់ខ្ពស់ច្រើនរូប ទៅបំពេញទស្សនកិច្ចនៅចិនដូចជា ប្រមុខការទូត លោក Antony Blinken រដ្ឋមន្ត្រីក្រសួងរតនាគារអាមេរិក អ្នកស្រី Janet Yallen និងរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម អ្នកស្រី Gina Raimondo ជាមួយគោលបំណងចង់រឹតចំណងមិត្តភាពរវាងមហាអំណាចសេដ្ឋកិច្ចធំបំផុតទាំង២ ឡើងវិញ។
ជម្រាបបន្ថែមថា បញ្ហាប្រេះស្រាំដែលប្រទេសទាំង ២ បានជួបប្រទះរយៈពេលប៉ុន្មានឆ្នាំនេះ បណ្ដាលមកពីបញ្ហាកោះតៃវ៉ាន់ ប្រភពនៃការរាតត្បាតជំងឺកូវីដ១៩ ការចោទប្រកាន់គ្នាទៅវិញទៅមកពីការធ្វើចារកម្ម បញ្ហាសិទ្ធមនុស្ស និងការដាក់ពន្ធលើការធ្វើពាណិជ្ជកម្មជាដើម៕