យោងតាមការចុះផ្សាយពីសារព័ត៌មាន Reuters បានបង្ហាញថា ប្រធានាធិបតីចិន លោក ស៊ី ជិនពីង គ្រោងនឹងបំពេញទស្សនកិច្ចទៅកាន់ទីក្រុងហាណូយ ប្រទេសវៀតណាម នាចុងខែតុលានេះ ឬអាចអូសបន្លាយដល់ដើមខែវិច្ឆិកាខាងមុខ។
តាមរយៈដំណើរទស្សនកិច្ចរបស់មេដឹកនាំកំពូលចិន គេអាចដឹងថាបាន វៀតណាមកំពុងក្លាយជាគោលដៅសំខាន់ ដែលមហាអំណាចសេដ្ឋកិច្ចពិភពលោកកំពុងសម្លឹងឃើញ ពោលដំណើរទស្សនកិច្ចរបស់លោក ស៊ី គឺធ្វើឡើងក្រោយប្រធានាធិបតីអាមេរិក លោក ចូ បៃដិន ទើបបំពេញទស្សនកិច្ចនៅវៀតណាម កាលពីខែមុន។
ជាមួយគ្នានោះ ប្រភពជិតស្និទ្ធជាមួយបញ្ហានេះបានបង្ហើបថា ភាគីចិន និងវៀតណាម អាចនឹងចេញសេចក្ដីថ្លែងការណ៍រួមមួយ ខណៈមានក្ដីរំពឹងថា កិច្ចពិភាក្សាអំពីកិច្ចសហប្រតិបត្តិការប្រទេសទាំង ២ ក៏នឹងត្រូវលើកមកជជែកគ្នា អំឡុងពេលបំពេញទស្សនកិច្ចរបស់មេដឹកនាំកំពូលចិនផងដែរ។
បច្ចុប្បន្ន រដ្ឋាភិបាលវៀតណាម និងចិនកំពុងមមាញឹក ក្នុងការរៀបចំបដិសណ្ឋារកិច្ច ត្រៀមទទួលគណៈប្រតិភូចិន សម្រាប់ការមកបំពេញទស្សនកិច្ចនៅវៀតណាម ដោយពួកគេកំពុងរកកក់បន្ទប់សណ្ឋាគារ ៨០០បន្ទប់ នៅរដ្ឋធានីប្រទេសវៀតណាម។
សូមជម្រាបដែរថា ប្រទេសចិនគឺជាវិនិយោគិនកំពូលរបស់វៀតណាម ដោយត្រឹមរយៈពេល ៩ខែដំបូងនៃឆ្នាំនេះ ពួកគេចាយលុយជិត ៣ពាន់លានដុល្លារ ក្នុងការវិនិយោគនៅវៀតណាម ច្រើនជាងសហរដ្ឋអាមេរិក រហូតដល់ ៦ដងឯណោះ៕