ក្រុមហ៊ុនផលិតយន្តហោះលំដាប់កំពូល Boeing បើកការិយាល័យដំបូង នៅឥណ្ឌូនេស៊ី

អន្តរជាតិ

ក្រុមហ៊ុនផលិតយន្តហោះ Boeing កាលពីថ្ងៃទី៤ ខែតុលា បានបើកដំណើរការការិយាល័យជាផ្លូវការ នៅក្នុងទីក្រុងហ្សាកាតា និងថែមទាំងបានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា (MOU) ជាមួយក្រសួងដឹកជញ្ជូនឥណ្ឌូណេស៊ី ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការ ក្នុងវិស័យអាកាសចរណ៍បន្ថែម។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន VNA ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

នៅក្នុងសេចក្តីថ្លែងការណ៍មួយ ក្រសួងដឹកជញ្ជូនឥណ្ឌូណេស៊ី បានបង្ហាញការស្វាគមន៍ ចំពោះកិច្ចសហប្រតិបត្តិការនេះ ដោយចាត់ទុកវាថាជាជំហានដ៏សំខាន់បំផុតមួយ ក្នុងការបង្កើនសមត្ថភាព និងនិរន្តរភាពនៃឧស្សាហកម្មអាកាសចរណ៍ឥណ្ឌូនេស៊ី ។

ក្រសួងបានសង្កត់ធ្ងន់ទៀតថា ការបង្កើតភាពជាដៃគូជាមួយក្រុមហ៊ុន Boeing នឹងនាំមកនូវឱកាសកាន់តែច្រើនសម្រាប់កំណើនសេដ្ឋកិច្ច និងបច្ចេកវិទ្យា នៅក្នុងប្រទេសរបស់ខ្លួន បន្ថែមទៀត។

លោក M. Mauludin នាយកផ្នែកប្រតិបត្តិការអាកាសចរណ៍ និងគ្រប់គ្រងយន្តហោះ របស់ក្រសួងដឹកជញ្ជូនឥណ្ឌូនេស៊ី បានមានប្រសាសន៍ថា ការចុះ MOU នេះ នឹងជួយឥណ្ឌូនេស៊ី ដោះស្រាយបញ្ហាប្រឈមនានា នៅក្នុងឧស្សាហកម្មអាកាសចរណ៍របស់ខ្លួន ដូចជាខ្សែសង្វាក់ផ្គត់ផ្គង់ និងធនធានមនុស្ស ស្របពេលភាគីទាំងពីរ ក៏មានបំណងក្នុងការអភិវឌ្ឍធនធានមនុស្សប្រកបដោយគុណភាព ក្នុងវិស័យអាកាសចរណ៍ ដោយក្នុងនោះរួមមានទាំងការបណ្តុះបណ្តាល និងការអភិវឌ្ឍជំនាញ។

លើសពីនេះ ភាគីទាំងពីរ ក៏នឹងបន្តចែករំលែកចំណេះដឹង និងបទពិសោធទៅលើផ្នែកបច្ចេកទេសនៃអាកាសចរណ៍ រួមទាំងការធ្វើឱ្យមាន​ផាសុកភាព​ និងសុវត្ថិភាពលើវិស័យអាកាសចរណ៍ ការថែទាំយន្តហោះ និងការច្នៃប្រឌិតបច្ចេកវិទ្យា ផងដែរ៕