អារ៉ាប់រួម បណ្តាក់ទុន ៨ពាន់លានដុល្លារ ជួយម៉ាឡេស៊ីអភិវឌ្ឍលើថាមពលកកើតឡើងវិញ

អន្តរជាតិ

នាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក Anwar Ibrahim បាននិយាយថា ប្រទេសអារ៉ាប់រួម នឹងចូលរួមបណ្តាក់ទុន ៨ពាន់លានដុល្លារ ជួយប្រទេសរបស់ខ្លួន ក្នុងការអភិវឌ្ឍសមត្ថភាពផលិតថាមពលកកើតឡើងវិញឱ្យបាន ១០ ជីហ្គាវ៉ាត់ នៅត្រឹមឆ្នាំ ២០២៥ ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Bloomberg ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

នៅក្នុងការបង្ហោះសារមួយនៅលើបណ្តាលសង្គមហ្វេសប៊ុក លោក Anwar បានបង្ហាញថា ផែនការនេះ គឺជាផ្នែកមួយនៃអនុស្សរណៈនៃការយោគយល់គ្នា ដែលបានចុះហត្ថលេខា ដោយអាជ្ញាធរអភិវឌ្ឍការវិនិយោគម៉ាឡេស៊ី (MIDA) និងក្រុមហ៊ុន Abu Dhabi Future Energy Co. ក្នុងអំឡុងដំណើរទស្សនកិច្ចរបស់លោក ទៅកាន់ទីក្រុង Abu Dhabi ប្រទេសអារ៉ាប់រួម កាលពីថ្ងៃព្រហស្បតិ៍។

គួរឱ្យដឹងថា ម៉ាឡេស៊ី មានបំណងទាញឱ្យបាន ៧០% នៃការផ្គត់ផ្គង់ថាមពលសរុបរបស់ខ្លួន ពីប្រភពកកើតឡើងវិញ នៅត្រឹមឆ្នាំ ២០៥០ បើធៀបទៅនឹងគោលដៅប្រហែល ២៥% ដែលបានលើកឡើងកាលពីចុងខែមីនា ខណ:រដ្ឋភិបាល បានប៉ាន់ប្រមាណថា ខ្លួននឹងត្រូវការវិនិយោគទឹកប្រាក់ដល់ទៅ ១៣៥ពាន់លានដុល្លារឯណោះ ដើម្បីបំពេញគោលដៅនេះ។

ទន្ទឹមនឹងនេះ លោក Anwar ក៏បាននិយាយផងដែរថា ម៉ាឡេស៊ី និងអារ៉ាប់រួម នឹងបន្តពង្រឹងទំនាក់ទំនងជាមួយគ្នាបន្ថែមទៀត តាមរយៈកិច្ចព្រមព្រៀងវិនិយោគ រវាង MIDA និងក្រុមប្រឹក្សាវិនិយោគអន្តរជាតិរបស់ប្រទេសអារ៉ាប់រួម នៅពេលដែលលោក បានជួបជាមួយប្រធានាធិបតីអារ៉ាប់រួម លោក Heikh Mohamed bin Zayed Al Nahyan ក្នុងអំឡុងដំណើរទស្សនកិច្ចទៅកាន់ប្រទេសនេះ ៕