វៀតណាម ទាញប្រាក់ចំណូលពីការនាំចេញអង្ករបំបែកកំណត់ត្រា ត្រឹម ៩ខែដំបូងឆ្នាំនេះ

អន្តរជាតិ

យោងតាមក្រសួងកសិកម្ម និងអភិវឌ្ឍជនបទវៀតណាម បានបង្ហាញឱ្យដឹងថា ប្រទេសរបស់ខ្លួន បានបំបែកកំណត់ត្រាថ្មី ក្នុងការទាញប្រាក់ចំណូលពីការនាំចេញអង្ករ សម្រាប់រយ:ពេល ៩ខែដំបូងឆ្នាំ ២០២៣ នេះ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

តាមការចុះផ្សាយពីសារព័ត៌មាន VN Express បានរាយការណ៍ថា វៀតណាម រកប្រាក់ចំណូលបាន ៣,៦៦ពាន់លានដុល្លារ ពីការនាំចេញអង្កររបស់ខ្លួន ចន្លោះខែមករា ដល់ខែកញ្ញា ពោលគឺបានកើនឡើង ៤០,៤% បើធៀបទៅនឹងរយ:ពេលដូចគ្នា កាលពីឆ្នាំមុន។

ជុំវិញលទ្ធផលដ៏ល្អប្រសើរនេះ ត្រូវបានកើតឡើង ដោយសារតែការកើនឡើងនៃតម្លៃអង្ករនាំចេញរបស់វៀតណាម ដោយតម្លៃជាមធ្យមនៃអង្ករវៀតណាម សម្រាប់ការនាំចេញ ក្នុងត្រីមាសទី១ បានឈានដល់ ៥៥៣ដុល្លារ ក្នុងមួយតោន ពោលគឺបានកើនឡើង ១៤% បើធៀបនឹងរយ:ពេលដូចគ្នា កាលពីឆ្នាំមុន។

គួរឱ្យដឹងថា ហ្វីលីពីន ជាអ្នកទិញចូលអង្ករពីវៀតណាមច្រើនជាងគេបំផុត ក្នុងរយ:ពេល ៨ខែដំបូងឆ្នាំនេះ ដែលមានចំណែក ៤០,៣% នៃការនាំចេញអង្ករសរុប ខណ:ប្រទេសចិន ជាប់លេខ ២ មានចំណែក ១៣,៥% និងឥណ្ឌូនេស៊ី ឈរលេខ ៣ មានចំណែក ១២,៤%។

បើតាមអគ្គនាយករងនៃនាយកដ្ឋាននាំចេញ-នាំចូល ដែលស្ថិតក្រោមក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្ម លោក Tran Thanh Hai បានឱ្យដឹងថា តម្លៃអង្ករនាំចេញ ត្រូវបានគេរំពឹងថានឹងនៅតែកើនឡើងខ្ពស់រហូតដល់ដំណាច់ឆ្នាំនេះ ដោយសារតម្រូវការជាបន្តបន្ទាប់នៃការនាំចូលពីទីផ្សារប្រើប្រាស់សំខាន់ៗ ដូចជាហ្វីលីពីន ចិន ឥណ្ឌូនេស៊ី ម៉ាឡេស៊ី និងអាហ្វ្រិក ជាដើម៕