កាលពីថ្ងៃទី០៨ ខែតុលាម្សិលមិញ កម្មវិធីស្បៀងអាហារពិភពលោកអង្គការសហប្រជាជាតិ ហៅកាត់ WFP បានអំពាវនាវឲ្យមានការបង្កើតច្រករបៀងមនុស្សធម៌ ដើម្បីផ្គត់ផ្គង់អាហារទៅកាន់តំបន់ Gaza សម្រាប់ប្រជាជនប៉ាឡេស្ទីន ក្រោយអ៊ីស្រាអែលវាយបកតាមរយៈផ្លូវអាកាស បន្ទាប់ពីក្រុមឧទ្ទាមហាម៉ាសបើកការវាយឆ្មក់មកលើខ្លួន។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន CNA។

“ខណៈពេលសង្គ្រាមកំពុងឆាបឆេះ ប្រជាជន ជាពិសេសកុមាររាប់ម៉ឺននាក់ កំពុងជួបប្រទះនឹងវិបត្តិជាច្រើន ដោយក្នុងនោះការផ្គត់ផ្គង់អាហារគឺសំខាន់បំផុត។ WFP ទទូចឲ្យមានការបញ្ជូនស្បៀងអាហារ ដោយមានសុវត្ថិភាពទៅកាន់តំបន់ប៉ះពាល់ទៅគ្រប់ភាគី ផ្អែកតាមគោលការណ៍នៃច្បាប់មនុស្សធម៌”។ នេះបើតាមការអះអាងពី WFP នៅទីក្រុងរ៉ូម។
ជម្រាបបន្ថែមថា កន្លងមកទីភ្នាក់ងារ UN មួយនេះបានផ្គត់ផ្គង់អាហារដល់ប្រជាជនប៉ាឡេស្ទីន ប្រហែល ៣៥០ ០០០នាក់ជារៀងរាល់ខែ និងបានជួយប្រជាជនប្រមាណ ១លាននាក់ ឲ្យមានការងារធ្វើ តាមរយៈកិច្ចសហប្រតិបត្តិការជាមួយដៃគូមនុស្សធម៌ផ្សេងៗ។
គួររំលឹកដែរថា កាលពីថ្ងៃទី០៧ ខែតុលា ក្រុមហាម៉ាសបានបើកការវាយឆ្មក់នៅក្នុងប្រទេសអ៊ីស្រាអែល បណ្ដាលឲ្យមនុស្សរាប់រយនាក់បាត់បង់ជីវិត ហើយអ៊ីស្រាអែលក៏បានវាយបកទៅតំបន់ Gaza ដែលជាមូលដ្ឋានរបស់ក្រុមឧទ្ទាមមួយនេះវិញនាថ្ងៃទី០៨ ខែតុលា៕