ក្រសួងការបរទេសអាមេរិក បណ្តេញអ្នកការទូតរុស្ស៊ីពីររូបចេញពីប្រទេស ដើម្បីជាសងសឹក

អន្តរជាតិ

ក្រសួងការបរទេសអាមេរិក បាននិយាយកាលពីថ្ងៃសុក្រសប្តាហ៍មុនថា រដ្ឋាភិបាលរបស់ខ្លួន បានសម្រេចបណ្តេញមន្ត្រីស្ថានទូតរុស្ស៊ីពីររូបចេញពីប្រទេស ដើម្បីជាការឆ្លើយតបទៅនឹងរុស្ស៊ី ដែលបានបណ្តេញអ្នកការទូតរបស់អាមេរិកពីររូប ចេញពីស្ថានទូតអាមេរិកប្រចាំនៅទីក្រុងមូស្គូ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

អ្នកនាំពាក្យក្រសួងការបរទេសអាមេរិក បានធ្វើការបញ្ជាក់ថា ដើម្បីជាឆ្លើយតបទៅនឹងការបណ្តេញមន្ត្រីការទូតអាមេរិកពីររូប ប្រចាំនៅទីក្រុងមូស្គូ ក្រសួងការបរទេសរបស់យើង បានប្រកាសថាមន្ត្រីស្ថានទូតរបស់រុស្ស៊ីពីររូប ដែលកំពុងធ្វើការនៅសហរដ្ឋអាមេរិក ក៏មិនត្រូវបានស្វាគមន៍ដូចគ្នា ។

យោងតាមទីភ្នាក់ងារសារព័ត៌មាន RIA របស់រុស្ស៊ី បានបញ្ជាក់ថា ការបណ្តេញមន្ត្រីរុស្ស៊ីចេញពីស្ថានទូតអាមេរិក គឺជារឿងដែលគ្មានមូលដ្ឋានច្បាស់លាស់ និងនិយាយទៀតថា រដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោន បានយកការបណ្តេញអ្នកការទូតអាមេរិកចេញពីទីក្រុងមូស្គូ ដើម្បីធ្វើជាលេស ក្នុងការបណ្តេញមន្ត្រីការទូតរបស់រុស្ស៊ី ប៉ុណ្ណោះ។

គួរឱ្យដឹងថា កាលពីថ្ងៃទី១៤ ខែកញ្ញា រុស្ស៊ី បានធ្វើការបណ្ដេញអ្នកការទូតអាមេរិកពីរនាក់ ដែលខ្លួនបានចោទប្រកាន់ ដោយមានភស្តុតាងច្បាស់លាស់ថាបានចូលរួម នៅក្នុងសកម្មភាពចារកម្ម។

ជម្រាបជូនផងដែរថា ទំនាក់ទំនងរវាងរដ្ឋាភិបាលទីក្រុងមូស្គូ និងវ៉ាស៊ីនតោន បានធ្លាក់ចុះដល់ចំណុចអាក្រក់បំផុតរវាងពួកគេ ក្នុងរយៈពេលជាង ៦០ឆ្នាំ ចុងក្រោយ ដោយសារតែបញ្ហាសង្រ្គាមនៅអ៊ុយក្រែន ខណៈអាមេរិក​កំពុង​ផ្តល់​សព្វាវុធ​ទំនើប​ៗដល់​អ៊ុយក្រែន ហើយ​បាន​វាយ​ប្រហារ​មកលើរុស្ស៊ី​ដោយការ​ដាក់​ទណ្ឌកម្ម​ធ្ងន់ៗជាច្រើន៕